សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បន្តផ្តល់ថវិកាសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ កាលពីអំឡុងសម័យសង្គ្រាម នៅក្នុងខេត្តព្រះវិហារ !

(ព្រះវិហារ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំមន្ត្រីក្រោមឧិវាទ អង្គភាព កងកម្លាំងទាំង៣ ស្ថាប័នពាក់ព័ន្ធ មន្ត្រីសសយកថ្នាក់មូលដ្ឋាន និងមានការចូលរួមពី គណៈអភិបាលស្រុកឆែប លោក សុខសាន្ត ដារ៉ា បានចុះជួយសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ពលីជីវិតនៅក្នុងសម័យសង្គ្រាម នាព្រឹកថ្ងៃទី២៥មីនាឆ្នាំ២០២០នេះ ស្ថិតនៅភូមិឆែបក្រសាំង ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីអ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជននាគ្រានោះ មានចំនួនជិត ១០០នាក់។

មេបញ្ជាការផ្នែកសឹករងឆែប លោកវរៈសេនីយ៍ត្រី ឡុង សុធឿន បានប្រាប់អោយដឹងថា ផ្ទះ១ខ្នងដែលត្រូវសាងសង់ជូនគ្រួសារអតីតយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនាពេលនេះ គឺមានទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៦ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី។ លោកថា ផ្ទះ១ខ្នងនេះសាងសង់ជូន ឈ្មោះ ផុន រីម ភេទស្រី អាយុ ៦៥ឆ្នាំ ជាគ្រួសារពលី រស់នៅក្នុងមូលដ្ឋានភូមិ ឃុំខាងលើ។ រីឯ ការសាងសង់ផ្ទះ១ខ្នងនេះ នឹងត្រូវចំណាយថវិកាអស់ ៩លាន ៥៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

លោកវរសេនីយ៍ត្រី ឡុង សុធឿន បានបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយ នៃការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនកម្ពុជា សម្រាប់នៅក្នុងមូលដ្ឋានស្រុកឆែប គឺមានចំនួន ៩ខ្នងផ្ទះ និងនៅ៣ខែដើមឆ្នាំ២០២០នេះ គឺសាងសង់បាន ២ខ្នងបន្ថែមទៀត ជាលទ្ធផលនៃការសម្រេចបានលើការសាងសង់ទាំងលើកនេះ គឺមានចំនួន ១១ខ្នងផ្ទះ សម្រាប់ស្រុកឆែប ខេត្តព្រះវិហារ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា ការងារសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជននៅពេលកន្លងមក និងនៅក្នុងពេលនេះ គឺធ្វើឡើងក្រោមការគិតគូ ចង្អុលបង្ហាញ និងដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស សម្តេចតេជោ លោកបានប្រគល់កិច្ចការងារអតីតយុទ្ធជន នៅតាមបណ្តារាជធានី-ខេត្ត ត្រូវពិនិត្យមើលពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេស គ្រួសារអតីតយុទ្ធជនពលី ពិការ និងមរណៈ កាលពីអំឡុងសម័យសង្គ្រាម និងនៅក្នុងគ្រាបច្ចុប្បន្ន ប្រសិនបើមានការខ្វះខាតផ្នែកជីវភាព គ្មានដីធ្លី និងផ្ទះសម្បែងរស់នៅសមរម្យនោះទេ សមាគមន៍អតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងនៅថ្នាក់មូលដ្ឋាន ត្រូវចុះជួយដោះស្រាយទុក្ខធុរៈនោះជាបន្ទាន់។ ដូច្នេះ ក្រុមការងារដែលចុះមកសាងសងផ្ទះ ជូនគ្រួសារអតីតយុទ្ធជននៅក្នុងពេលនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកជាអ្នកចំណាយថវិកា ទៅលើការសាងសង់ផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ក្នុងគោលដៅជួយកាត់បន្ថយនូវភាពក្រីក្រ និងជួយឲ្យប្រសើរឡើង នូវជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារអតីតយុទ្ធជនកម្ពុជា។

គ្រួសារអតីតយុទ្ធជន ដែលទើបទទួលបានចំណងដៃផ្ទះថ្មី ពីសម្តេចតេជោ បានថ្លែងអំណរគុណ ជាអនេកចំពោះសម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលលោកតែងតែយកចិត្តទុកដាក់ និងគិតគូខ្ពស់ ពីជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន ជាពិសេស ដូចជានៅក្នុងពេលនេះ សម្តេចបានផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះ១ខ្នង ជូនពួកគាត់បានរស់នៅសមរម្យ ស្មើមុខស្មើមាត់ដូចអ្នកឯទៀត នៅក្នុងគ្រាដែលពួកគាត់ កំពុងរស់នៅក្នុងផ្ទះចាស់ជរាមួយខ្នង ធ្លុះមុខធ្លុះក្រោយ និងមានជីវភាពលំបាកលំបិន។

លោកបានជូនពរ សម្តេចប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ បានជួបតែសេចក្តីសុខគ្រប់ប្រការ និងទទួលជ័យជំនះគ្រប់ភារកិច្ចតូចធំនានា នៅចំពោះមុខជារៀងរហូត ៕