អភិបាលខេត្តសៀមរាប បានចុះពិនិត្យ និងកំណត់ទីតាំងចំនួន ៤ទីតាំង ដើម្បីត្រៀមទទួលពិនិត្យ និងព្យាបាល អ្នកមានជំងឺ Covid-19 !

(សៀមរាប)៖ បន្ទាប់ពីរាជរដ្ឋាភិបាលណែនាំដល់បណ្តារាជធានី ខេត្តនីមួយៗ ឱ្យត្រៀមអគារមួយចំនួនដូចជា សណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ: សម្រាប់ធ្វើជាកន្លែងពិនិត្យ ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងដំណាក់កាលជំងឺកូវីដ១៩ កំពុងរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា អាជ្ញាធរខេត្ត បានចុះពិនិត្យ និងកំណត់ទីតាំងចំនួន ៤ទីតាំង ដើម្បីត្រៀមទទួលពិនិត្យ និងព្យាបាល។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំង កាលពីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ អមដំណើរដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត មន្ត្រីជំនាញមកពីមន្ទីរសុខាភិបាលខេត្ត មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមបម្រុងអគារ ដើម្បីការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន៤ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប ១៤៣បន្ទប់ ស្មើ២៨៦គ្រែ ទីតាំងទាំង៤នោះរួមមាន ៖
– ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន ២៥បន្ទប់ ស្មើនឹង ៥០គ្រែ
– ទី២ អន្តេវាសិកដ្ឋាន ចំនួន ២៨បន្ទប់ ស្មើរនឹង៥៦គ្រែ
– ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើនឹង៦០គ្រែ
– ទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើនឹង ១២០គ្រែ។

ក្រៅពីការត្រៀមអគារទាំងនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភូមិឱ្យត្រួតពិនិត្យ និងតាមដាន​ឱ្យបានជាប់ជាប្រចាំចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបនឹងត្រឡប់មកពីក្រៅប្រទេស ដោយឱ្យពួកគាត់នៅដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃនៅផ្ទះ ហើយត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក្កិដោយខ្លួនជាប្រចាំផងដែរ ជាពិសេសអាជ្ញាធរ និងមន្ត្រីសុខាភិបាលជំនាញនៅមូលដ្ឋានត្រូវអប់រំណែនាំ និងតាមដានសុខភាពពួកគាត់ជាប្រចាំ ៕

អត្ថបទ និងរូបភាព: លោក ខេង ឧត្តម
កែសម្រួលដោយ លីវ សុខុន