អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន កំពុងដំណើរការផ្សព្វផ្សាយវិធានការ បង្ការទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋជ្រួតជ្រាប

(កំពង់ចាម)៖ អនុវត្តទៅតាមសេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត បច្ចុប្បន្ននេះ អាជ្ញា និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ទូទាំងខេត្តកំពង់ចាម កំពុងសស្រាក់សស្រាំ ដើម្បី ផ្សព្វផ្សាយវិធានការ បង្ការទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ ១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋបានជ្រួតជ្រាប និងចូលរួមអនុវត្ត ទាំងអស់គ្នា ។

យោងតាមខ្លឹមសារ របស់ក្រសួងសុខាភិបាល បញ្ជាក់ថា ដោយសារជម្ងឺកូវីដ ១៩ កំពុងរាតត្បាត ធ្វើឲ្យមនុស្សយ៉ាងច្រើន នៅតាមប្រទេសនានា ហើយប្រទេសយើងក៏មានការកើត ជំងឺមួយនេះមួយចំនួន ផងដែរ ។ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ មកលើបងប្អូន ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋាន របស់ខ្លួន

សូមបងប្អូនអនុវត្តវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម ៖

១.ត្រូវលាងដៃអោយបានស្អាត ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល លាងដៃឲ្យបានញឹកញាប់

២.ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចត្រូវបោះចូលទៅក្នុងធុងសំរាម ហើយបន្ទាប់មកត្រូវលាងដៃអោយបានស្អាត ជាមួយសាប៊ូ និងទឹកស្អាត

៣.ត្រូវនៅឱ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ

៤.ត្រូវចៀសវាងការជួបជុំ ដែលមានមនុស្សចូលរួមច្រើន

៥.ប្រសិនបើបងប្អូនមានរោគសញ្ញាណាមួយ ឬមានបញ្ហាសុខភាពផ្សេងៗ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត

៦.ចំពោះ ប្រជាពលរដ្ឋដែលទើបនឹងវិលត្រឡប់ មកពីបរទេសត្រូវនៅតែក្នុងផ្ទះក្នុងរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃមកដល់ ដោយត្រូវអនុវត្ត ដូចខាងក្រោម ៖

-ត្រូវនៅបន្ទប់ដាច់ដោយឡែក ដែលមានខ្យល់ចេញចូលល្អ ប្រសិនបើមិនមានបន្ទប់ដោយឡែក

ត្រូវនៅឲ្យឆ្ងាយពីសមាជិកគ្រួសារ យ៉ាងតិច ២ម៉ែត្រ

-ត្រូវមុជទឹកសំអាតខ្លួនប្រាណ និងសម្អាតប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ ត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ដែលបានបោកគក់រួច ឲ្យបានញឹកញាប់

-ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន បើមានរោគសញ្ញាណាមួយ ដូចជា ៖ ក្ដៅខ្លួន ក្អក ឈឺបំពង់ក ឬពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់លេខទូរស័ព្ទ ១១៥ ជាបន្ទាន់ ដើម្បី ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។
គួរកត់សម្គាល់ថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម បាន បើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ ១៩ ទៅដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងស្រុកកងមាស ដើម្បី បន្តការផ្សព្វផ្សាយ ទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ជ្រួតជ្រាប ផងដែរ ។

ដោយឡែក ដើម្បី ឲ្យការអនុវត្តនូវវិធានការនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ទូទាំងខេត្តកំពង់ចាម ក៏បានរៀបចំនូវឧឃោសនស័ព្ទ ចាក់ផ្សព្វផ្សាយជាសារសម្លេង នៅតាមទីសង្កាត់មាត់ញ៉គ ក្នុងន័យអប់រំហើយ អប់រំទៀត ដើម្បី ឲ្យប្រជាពលរដ្ឋយើង បានចូលរួមអនុវត្តទាំងអស់គ្នា ៕ សារ៉ាត