លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុ​មុខ ខេត្តព្រះវិហារ

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ​ដែលមានទីតាំងស្ថិតនៅ ភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។


លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។

លោកជំទាវក៏បានសំណេះសំណាលជាមួយកងកម្លាំង ប្រចាំការនៅតំបន់នោះ ក៏ដូចជាឆ្មាំប្រាសាទ និងប្រជាពលរដ្ឋឲ្យចេះថែរក្សាសុខភាព ស្របពេលដែលពិភពលោកកំពុង តែរីករាលដាលនូវជំងឺ កូវីដ១៩ និងរួមគ្នាថែរក្សាប្រាសាទ ដែលជាមរតក របស់ដូនតាយើងឲ្យបានគង់វង្ស ។

សូមរំលឹកផងដែរថា គម្រោងការ​ជួសជុល​ព្រះអង្គចតុមុខ​នេះ បានបើក​ការដ្ឋាន​ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រោម​ការ​ឧ​ប​ត្ថ​ម្ភពី​សំ​ណាក់លោក​ជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមាន​ការ​ឧ​ប​ត្ថម្ភ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពីសំណាក់សម្តេចតេជោហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីសប្បុរសជនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ