គ្រួសារងាយរងគ្រោះបំផុត មានសមាជិកគ្រួសារច្រើន រស់នៅភូមិ ឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរីទទួលបានផ្ទះ១ខ្នងពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

(រតនគិរូ)៖ នៅព្រឹកថ្ងៃពុធ ១ កើត ខែចែត្រ ឆ្នាំកុរឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី រួមដំណើដោយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិកាសាខា​ អនុសាខាក្រុង មន្ត្រីប្រតិបត្តិសាខា បានអញ្ជើញប្រគល់ផ្ទះថ្មី ១ ខ្នង ទំហំ ៥ x ៨ ម៉ែត្រ ធ្វើអំពីគ្រោង ជញ្ជាំងឥដ្ឋ ប្រកស័ង្កសី ចំណាយថវិកា ចំនួន ៥.១៨៦ដុល្លារ (ប្រាំពាន់ មួយរយប៉ែតសិបប្រាំមួយដុល្លារ) ដែលជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ-វៀតណាម ជូន អ្នកស្រី ងុយ ឌឿង អាយុ ៥៣ ឆ្នាំ ជនជាតិទំពួន ជាគ្រួសារងាយ រងគ្រោះបំផុត មានសមាជិកគ្រួសារច្រើន រស់នៅភូមិ ឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរ ចំពោះគ្រួសារជនងាយរងគ្រោះ ហើយសម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខ ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តម ក៏បានមានប្រសាសន៍បន្ថែមថា អំពាវនាវឲ្យបងស្រីត្រូវចេះគិតគូរពី ការថែទាំសុខភាពជាចម្បង ដែលក្នុងនោះ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់ ដោយ ត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ គ្មានសំរាម គ្មានទឹកដក់ឬជម្រក សត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់ ពិសេស ត្រូវលាងដៃនឹងសាប៊ូជាមួយទឹកស្អាត ឬអាកុល អោយបានញឹកញ៉ាប់ កាត់បន្ថយការជួបជុំគ្នា ដើម្បីការពារការចម្លងមេរោគកូវីត១៩ ទោះបីជាខេត្តរតនគិរី​ ពុំទាន់មានករណីឆ្លងយ៉ាងណា ក៏ដោយ ក៏យើងត្រូវចូលរួមទាំងអស់គ្នា តាមការណែនាំរបស់អាជ្ញាធរ និងស្ថាប័នជំនាញដែលបានកំពុងចាត់វិធានការយ៉ាងតឹងរឹងបំផុត និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគប្រភេទថ្មីនេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមបាននាំយកអំណោយសម្រាប់ប្រគល់ជាមួយផ្ទះថ្មី រួមមាន ៖ អង្ករ ៥០ គីឡូក្រាម ឃីត (មុង ភួយ សារុង ក្រមា)១ឃីត មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី