រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ទាំង០៧ក្រុងស្រុក ទូទាំងខេត្ត

(ត្បូងឃ្មុំ)៖ បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការ ដោយរដ្ឋបាលក្រុងស្រុកទាំង០៧ គ្រប់មូលដ្ឋានក្នុងខេត្ត សហការជាមួយមន្ទីរសុខាភិបាល ក៍ដូចជាមន្ត្រីសុខាភិបាលតាមមូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ស្តីពីវិធានការការពារ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ។

ការផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្រុងស្រុកទាំង០៧ទូទាំងខេត្ត តាមគ្រប់មធ្យោបាយ ដោយមន្ត្រីជំនាញ សហការជាមួយមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យចុះពន្យល់ណែនាំ ពិសេសការចាក់សារនានាតាមប្រព័ន្ធឃោសនស័ព្ទ ដោយម៉ៃក្រូ តាមរុឺម៉ក់កង់បី ក៍ដូចជាតាមម៉ូតូជាដើម។

ទោះជាការផ្សព្វផ្សាយនេះយ៉ាងសស្រាក់សស្រាំយ៉ាងនេះក្តី ក៍មានពលរដ្ឋបានឆ្លងជំងឺកូវីដ១៩ ចំនួន០៤នាក់ ។

ក្រោមការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អ្នកជំងឺកូវីដ១៩ ០២រូប ក្នុងចំណោម០៤រូប បានជាសះស្បើយក្រោយយកសំណាកវិភាគទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចំនួន០២លើកជាបន្តបន្ទាប់ ទទួលបានលទ្ធផលអវិជ្ជមាន។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ដែលជាដំណឹងរីករាយសម្រាប់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤ទីតាំង៖
១៖មន្ទីរពេទ្យបង្អែកពញាក្រែក
២៖មន្ទីរពេទ្យបង្អែកមេមត់
៣៖មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
៤៖សណ្ឋាគារឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អភិបាលក្រុងស្រុកទាង០៧ និងមន្ទីរសុខាភិបាលខេត្ត ជាពិសេសមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៍ដូចជាអំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹងសាប៊ូឫអាកុល ពាក់ម៉ាស់ការពារ និងសូមកុំជួបជុំគ្នាក្នុងដំណាក់កាលនេះ ។

ឯកឧត្តបណ្ឌិត បញ្ជាក់បន្ថែមថា ជាពិសេសប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។ ហើយប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕