គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តព្រះវិហារ ចុះពិនិត្យទីតាំង សម្រាប់ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋក្នុងខេត្ត ដែលមានការសង្ស័យ និងមានផ្ទុកជម្ងឺកូវីដ១៩

(ព្រះវិហារ)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តព្រះវិហារ បានចុះពិនិត្យទីតាំងដើម្បីដាក់ចេញនូវវិធានការចំពោះ មុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក កាលពីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ។

មានការអញ្ជើញចូលរួមអមដំណើរនាឱកាសនោះ រួមមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជាច្រើនរូបផងដែរ ។

ចំពោះទីតាំងដែលត្រូវចុះត្រួតពិនិត្យនាពេលនោះមានចំនួន ៣ទីតាំងផ្សេងៗគ្នា គឺទីមួយ មណ្ឌលសុវត្ថិភាពតាកឹង ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ទីពីរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងទី៣ សណ្ឋាគារហ្គ្រីនផាលែស ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថារហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជារបស់យើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦នាក់ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន ១៣ ហើយក្នុងនោះខេត្តព្រះវិហារក៌មានអ្នកឆ្លងជំងឺកូវីត-១៩ ២នាក់រួចមកហើយ ដែលយើងមិនត្រូវធ្វេសប្រហែសនោះទេ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺនេះ និងបន្តអនុវត្តឲ្យកាន់តែសកម្មថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុលផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត នូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័កដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់នៅក្នុងខេត្ត ។

ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬប្រទេសផ្សេងទៀត ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់គណៈកម្មការខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ ។

ជាលទ្ធផល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះវិហារ ដោយមានការឯកភាពយល់ព្រមពីម្ចាស់ទីតាំង បានសម្រេចជ្រើសរើសយកចំនួន ២ទីតាំង គឺទីមួយ សណ្ឋាគារហ្គ្រីនផាលែស សម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ និងមណ្ឌលសុវត្ថិភាពតាកឹង សម្រាប់ពិនិត្យប្រជាពលរដ្ឋដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ៕