អភិបាលខេត្តរតនគិរី អញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពយុទ្ធនាការទប់ស្កាត់ និងបង្ការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩(covid-19)

(រតនគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសូមកុំមានការ ភ័យខ្លាចជ្រុលហួសហេតុពេករហូតបាត់បង់ភាពម្ចាស់ការចំពោះជំងឺ កូវីដ-១៩នេះ ពីព្រោះជំងឺនេះយើងអាចទប់ស្កាត់បាន ហើយខេត្តក៍បានត្រៀមនូវវិធានការការពារ ទប់ស្កាត់ និងព្យាបាលរួចហើយ នៅតាមមន្ទីរពេទ្យបង្អែកខេត្តរួចហើយផងដែរ។

ការអំពាវនាវនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំប្រធានអនុប្រធានអង្គភាពជុំវិញខេត្តអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាព យុទ្ធនាការទប់ស្កាត់និងបង្ការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩(covid-19)របស់មន្រ្តីចត្តាឡីស័ក្ក សហការជាមួយមន្រ្តីអង្គភាពណាក់ ព័ន្ធធ្វើការ​វវាស់កំដៅប្រជាពលរដ្ឋទូទៅដែលចូលមកកាន់ខេត្តរតនគិរីនៅចំណតរថយន្តសាធារណៈផ្សារតាយសេងជាយក្រុងបានលុង។

ទន្ទឹមនឹងកុំមានការភ័យជ្រុលហួសហេតុពេកចំពោះវីរ៉ុសកូវីដ១៩នេះ ឯកឧត្តម ថង សាវុន ក៏សូមប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ និងត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ហើយបើមានបងប្អូនប្តជាពលរដ្ឋយើងទាំងអស់មានការសង្ស័យថាខ្លួនបានឆ្លងជំងឺនេះ សូមចូលខ្លួនទៅឱ្យគ្រូពេទ្យនៅតាមមូលដ្ឋាន ពិនិត្យឱ្យបានឆាប់រហ័ស ដើម្បីមានវិធានការ ព្យាបាលបានទាន់ពេលវេលា ជៀសវាងកុំឱ្យមានការរីករាលដាលទៅដល់ប្រជាពលរដ្ឋផ្សេងទៀតដែលនៅជិតខ្លួន។

ក្នុងឱកាសនោះឯកឧត្តមអភិបាល ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្ដែងផ្ទាល់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិអូតយ៉ាដាវ-ឡេថាញ់ រវាងខេត្តរតនគិរីនៃព្រះរាជាណចក្រកម្ពុជា និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ អជ្ញាធរត្រូវផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរឆ្លងកាត់ ព្រំដែនចាប់ពី ២៣ និង៥៩នាទី យប់ ថ្ងៃទី២០ ខែមីនាឆ្នាំ ២០២០នេះ តទៅ ត្រូវរឹតបន្តឹងការត្រួតពិនិត្យ ចរាចរណ៍មនុស្ស និងទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែន ហើយចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅតែអនុវត្តធម្មតាដោយគ្មានការរាំងស្ទះ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការចុះមកពិនិត្យ នៅតាមច្រកទ្វារព្រំដែននេះគឺអនុវត្តតាមលិខិតលេខ៩១៦ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១៩ខែ មីនាឆ្នាំ ២០២០ដែលផ្ដោតសំខាន់ទៅលើការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញចូលរវាងពលរដ្ឋកម្ពុជា និងវៀតណាម សំដៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ មន្ទិរព័ត៌មានខេត្តរតនគិរី