រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩

(សៀមរាប)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ ខេត្ត និងវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី សមាជិក សមាជិកា រួមមាន នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករងទីចាត់ការ និងមន្ត្រីជំនាញទីចាត់ការសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀតបានចូលរួម ។

នេះជាកិច្ចប្រជុំលើកដំបូងរបស់គណ:កម្មការ បន្ទាប់ពីបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងមក ក្រោមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ហើយនៅថ្នាក់កណ្តាល ក៏មានបង្កើតគណ:កម្មការនេះដែរ មានឈ្មោះថា” គណ:កម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ។ កិច្ចប្រជុំប្រារព្ធឡើងក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយដល់សមាជិក សមាជិកាចូលរួមធ្វើការផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្តសៀមរាប អោយបានយល់ដឹងអំពីវិសាលភាព និងផលប៉ះពាល់នៃជំងឺកូវីដ-១៩នៅ ។

បើតាម លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា គិតមកទល់វេលាម៉ោង២១:៣០ ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ ក្នុងខេត្តសៀមរាប មានករណីវិជ្ជមាននៃមេរោគ COVID-19 តែ២ករណីប៉ុណ្ណោះ គឺ ករណីទី១ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលឆ្លងពីបុរសជនជាតិជប៉ុន, ករណីទី២ គឺបុរសជនជាតិកម្ពុជា អាយុ៤០ឆ្នាំ ដែលបានឆ្លងមេរោគនេះមកពីប្រទេសម៉ាឡេស៊ី ។ ក្នុងនោះដែរពួកគាត់ទាំង២នាក់បាននឹងកំពុងតែដាក់នៅដោយឡែក ក្រោមការមើលថែ និងព្យាបាល ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខេត្តសៀមរាបបច្ចុប្បន្នសុខភាពពួកគាត់ល្អធម្មតាទេហើយគ្រួសារបុរសខ្មែរអាយុ៣៨ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន បានពិនិត្យសំណាកពួកគាត់រួចហើយគឺអវិជ្ជមាន ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា សូមស្នើដល់ថ្នាក់ដឹកគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់រួមសហការគ្នាបំពេញតួនាទីទៅតាមដែនសមត្ថកិច្ចរៀងរៀងខ្លួនធ្វើយ៉ាងណាមដើម្បីចូលរួមផ្សព្វផ្សាយ និងបើកយុទ្ធនាបង្ការទប់ស្កាត់ជំងឺផ្លូវដង្ហើមថ្មីឬកូវីដ- ១៨ ឲ្យបានជោគជ័យ ។ យើងត្រូវសហការគ្នា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺវីរុស COVID-19 ដែលកំពុងរីករាយដាលជាសកល ក្នុងពេលបច្ចុប្បន្ន ៕

អត្ថបទនិងរូបភាព៖ យូ វង្ស កែ

លីវ សុខុន !!!