ឯកឧត្តម ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចែកម៉ាស់ និងជេលសម្លាប់មេរោគ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដើម្បីការពារពីជំងឺកូវីដ១៩ (Covid-19)

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងជាទីប្រក្សាក្រសួងព័ត៌មាន បាននាំយកម៉ាស់និងជេលសម្លាប់មេរោគ ចែកជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ពីជំងឺកូវីដ១៩ (Covid-19) ដែលកំពុងកើតមានឡើងនៅប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ថ្មីៗនេះអ្វីដែល យើងកំពុងព្រួយបារម្ភនោះគឺ ពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ CoVid19 សូមមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ត្រូវធ្វើអនាម័យខ្លួនប្រាណ ជាប្រចាំពិសេស ការលាងសម្អាតដៃ នឹងសាប៊ូ ឬអាល់កុល ជាដើមឱ្យបានច្រើនដង ក្នុងមួយថ្ងៃ ដើម្បីបង្ការជំងឺកូវីដ១៩ CoVid ថ្មីនេះ ។

ឯកឧត្តម បានផ្ដាំផ្ញើដល់មន្ត្រីនៃនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំទាំងអស់ ត្រូវអនុវត្ដនូវវិធានការដូចជា ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ ត្រូវលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺឬបរិស្ថានជុំវិញគាត់ ចៀសវាងប៉ះពាល់ជិតស្និទ្ធឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ ចាំបាច់ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគផងដែរ។

សូមបញ្ជាក់ថា  បើគិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មី ចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ