សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះ ដែលបណ្តាលមកពីភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចំនួនមួយគ្រួសារ ដែលរស់នៅភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះ ដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលអោយបាត់បង់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗទៀត ។

ឯកឧត្តមបានបន្ថែមថាសម្ភារ និងថវិកាដែលបានផ្តល់ជូននាពេលនេះ គ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ ។

ក្នុងនោះដែរឯកឧត្តម បានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សូមបញ្ជាក់ផងដែរថាសម្ភារ ដែលផ្តល់ជូនរួមមាន៖ អង្ករ ៦០គីឡូក្រាម មី ២កេស ត្រីខ ២យួរ តង់១ សារុង១ មុង១ ភួយតូច១ ក្រមា១ ភួយធំ១ មុងសុវត្ថិភាព១ អាវ១០ ប៊ីចេង២កញ្ចប់ ចានបាយ៥ ចានសម្ល៣ ឆ្នាំងបាយ១ ឆ្នាំង សម្ល១ ស្លាបព្រា៥ ដែកស័ង្កសី១៥ សន្លឹក និងថវិកាចំនួន ៤០ ម៉ឺនរៀល ឯកឧត្តម បានផ្តល់សារុង ចំនួន១០ ថវិកា១០ ម៉ឺន ជូនមេភូមិសម្រាប់ផ្តល់ជូនស្រ្តីមានជីវភាពខ្វះខាតក្នុងភូមិផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រវិហារ