ឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តរតនគិរី​ ថ្លែងការកោតសរសើររដ្ឋបាលខេត្តរតនគិរី ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ចូលរួមថែរក្សាសន្តិភាព សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ

(រតនគិរី)៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តរតនគិរីនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជៀង អំ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តរតនគិរី​ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណា្តប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

ឯកឧត្តម បានមានប្រសាសន៍ថា សន្និបាតនេះ គឺជាឱកាសវិសេសវិសាល អនុញ្ញាតឱ្យយើងរួមគ្នាធ្វើការពិនិត្យវាយតម្លៃពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី សម្រេចបានក្នុងឆ្នាំ ២០១៩ កន្លងមក និងបញ្ហាប្រឈមដែលសេសសល់ ក៏ដូចជាកាលានុវត្តភាពនានា ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២០ ដែលជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

ឯកឧត្តមប្រធានក្រុមការងារបានលើកឡើងបន្តទៀតថា « ដោយឡែក នៅមូលដ្ឋានខេត្តរតនគិរី យើងបានខិតខំរួមគ្នាដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរគួរជាទីមោទនៈ ក្នុងនោះបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ចុះជួបសំណេះសំណាល​ សាកសួរសុខទុក្ខ និងរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយសំណូមពរបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ទៅតាមលទ្ធភាព​ និងលំដាប់អាទិភាព ដូចជាបញ្ហាសំរាមលូទឹកកខ្វក់ ទឹកស្អាត អគ្គិសនី ទំនាស់ដីធ្លី បញ្ហាសន្តិសុខ និងបានកាយប្រឡាយរំដោះទឹកជំនន់ ជាដើម»។

ឯកឧត្តមប្រធានក្រុមការងារក៏បានធ្វើការណែនាំ នូវកិច្ចការសំខាន់ៗ ដែលត្រូវខិតខំរួមគ្នាសម្រេចឲ្យបានមាន៖ ១. ការថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ២. សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ៣. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទេសចរណ៍ ៤. ការអភិវឌ្ឍទីក្រុង ៥. កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៦. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបណ្តាប្រឈមនៅមូលដ្ឋាន ៧. ការពង្រឹងរបៀបរបបការងារ។

គួរបញ្ជាក់ដែរថា នៅក្នុងពិបិទសន្និបាតរបស់រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ជៀង អំ បានចែកជូនលិខិតសរសើរ និងបំពាក់មេដាយការងា​រជូនឯកឧត្តមលោកជំទាវក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត​ និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ ដែលអនុវត្តឲ្យបានសម្រេចនូវទិសដៅការងារបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី