រដ្ឋបាលខេត្តរតនគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

(រតនគិតី)៖ រដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថងសាវុនអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ មេឃុំចៅសង្កាត់ទាំង៥០ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលសរុបប្រមាណជាង ២០០នាក់។

មានប្រសាសន៍បើកអង្គសន្និបាតឯកឧត្តម ថង សាវុន បានលើកឡើងថាសន្និបាតរបស់រដ្ឋបាលខេត្តរតនគិរី​ គឺធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ឋផល និងលទ្ឋផលនានានៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅ​ នឹងផែនកាប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅជាអាទិភាពនានា សម្រាប់បន្តអនុវត្តនៅ ក្នុងឆ្នាំ២០២០នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែ ប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ថ្នាក់ មន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ ព្រមទាំងដៃគូរអភិវឌ្ឍន៍នានាដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការ ទទួលខុសត្រូវ ធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបានបេសកកម្ម និងសមិទ្ធផលការងារសំខាន់ៗ របស់ខ្លួនជាច្រើន ដែលបានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា អនុវត្តដោយ ជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។​

ឯកឧត្តម​ ថង​ សាវុន​ ក៏បានលើកឡើងពីស្ថានភាពបច្ចុប្បន្ន ដែលមានការរីករាលដាលមេរោគសកល Covid-19 ដែលបណ្តាលឲ្យមនុស្សឈឺ និងស្លាប់ជាច្រើននាក់ក្នុងពិភពលោក។

ឯកឧត្តមសង្កត់ធ្ងន់ថាទោះជាស្ថិតនៅក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ប្រយុទ្ធ នឹងមេរោគ Covid-19 ឲ្យមានប្រសិទ្ធភាពខ្ពស់ និងមានស្មារតីមនុស្សធម៌មិនមានការរើសអើង ជនជាតិ និងសាសនានោះឡើយ និយាយជារួម និយាយដោយឡែក ខេត្តរតនគិរី គឺបាន និងកំពុងយកចិត្តទុកដាក់ ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់នឹងការរីករាលដាល Covid-19។

រដ្ឋបាលខេត្ត បានដាក់ចេញវិធានការ ផ្សព្វផ្សាយព័ត៌មានជូនដល់ ប្រជាពលរដ្ឋគ្រប់ជនជាតិ អង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជនបានទូលំទូលាយទូទាំងខេត្តរតនគិរី ឲ្យម្ចាស់ការសម្អាត អនាម័យ បរិស្ថានជុំវិញភូមិឋាន មន្ទីរ អង្គភាព សហគ្រាស រោងចក្រ សិប្បកម្ម របស់ខ្លួន ជាពិសេសឲ្យបន្តការផ្សព្វផ្សាយ ណែនាំដល់មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ និងប្រជាពលរដ្ឋឲ្យសម្អាតខ្លួនប្រាណ ត្រូវលាងដៃឲ្យបានស្អាតជាប្រចាំ ទាំងមុនពេល​និងក្រោយពេលកាន់វត្ថុនានា ជាពិសេសត្រូវបរិភោគចំណីអាហារ ចំអិនឲ្យបានឆ្អិតល្អ ដើម្បីបង្កាជំងឺនានា និងមេរោគ Covid-19 ព្រមទាំងកុំឲ្យមានការជឿនូវព័ត៌មានក្លែងក្លាយមួយចំនួនដែលនាំឲ្យបាត់បង់ ភាពម្ចាស់ការ ចលាចល និងប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

លើសពីនេះ បានពង្រឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយក្រុមគ្រូពេទ្យ ចត្តាឡីសក័្ត ត្រួតពិនិត្យ សុខភាពមនុស្ស និង បាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយយានយន្តគ្រប់ប្រភេទ ចេញចូលនៅក្នុងខេត្តរតនគិរី៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី