ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩ និងវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ និង៣០ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩ និងវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សន្និសីទខាងលើនេះ មានគោលបំណងបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងក្នុងទិសដៅស្នួលជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះសន្និសីទនេះក៏មានគោលបំណង ដើម្បីបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាពនិងវិធានការបង្ការជំងឺរលាកសួតដែលបង្កឡើងវីរុស កូវីដ-១៩ ដើម្បីលើកកម្ពស់ការប្រយ័ត្នខ្ពស់ក្នុងកាការពារសុខភាពពីជំងឺឆ្លងនេះ។

ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញជាវាគ្មិនពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថា កម្មវិធីនោះ TV APP និង FACEBOOK PAGE ក្រសួងព័ត៌មានក៏នឹងមានការផ្សាយបន្តផ្ទាល់ផងដែរ៕ ដោយ៖ ចំណាន