អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមសម្ពោធមន្ទីរសម្រាកព្យាបាលឯកជនទំនើបឈានមុខគេក្នុងខេត្ត នៅក្រុងសួង ដើម្បីបំពេញបន្ថែមតម្រូវការសេវាសុខាភិបាលជូនពលរដ្ឋ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងថា «វិស័យឯកជនបានចូលរួមចំណែក យ៉ាងច្រើន ក្នុងការជួយសម្រួលនិងបំពេញបន្ថែម ដើម្បីបម្រើសេវាសុខាភិបាល ដល់ពលរដ្ឋក្នុងការព្យាបាលជំងឺ» ។

មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីភាពសម្ពោធមន្ទីរសម្រាកព្យាបាល និងសម្ភព «ទេពនិម្មិត» ជាកម្មសិទ្ធរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី និងលោកជំទាវ សុខ ធីតា មានទីតាំងស្ថិតក្នុងសង្កាត់សួង ក្រុងសួង ដែលជាមន្ទីរពេទ្យឯកជនឈានមុខគេក្នុងខេត្តត្បូងឃ្មុំ មានបន្ទប់ស្តង់ដារផាសុខភាពល្អ បរិក្ខារទំនើបៗ ចុងក្រោយ និងមានក្រុមគ្រូពេទ្យជំនាញបទពិសោធន៍ជាង២០ឆ្នាំ នៅរង់ចាំពិនិត្យនិងព្យាបាលពេញ២៤ម៉ោង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថាមន្ទីរពេទ្យនេះបានបានបើកដំណើរការរយៈពេល២២ឆ្នាំហើយ ដោយបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋបានជាសះស្បើយយ៉ាងច្រើន ទាំងនេះសុទ្ធសឹងជាការរួមចំណែកជាមួយមន្ទីរពេទ្យរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចហ៊ុនសែន ដោយបានរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះចេញពីទុក្ខវេទនា រំដោះចេញពីសង្គ្រាម ក៍ដូចទៅនឹងការពិនិត្យព្យាបាលរំដោះប្រជាពលរដ្ឋចេញពីជំងឺនានាដូចគ្នា។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើងពីវិធានការនានា និងអំពាវនាវពលរដ្ឋត្រូវមានអនាម័យជាប់ជាប្រចាំ បង្ការនិងការពារខ្លួនពីការឆ្លងជំងឺCovid-19 ដែលកំពុងតែរាតត្បាតនៅលើពិភពលោក ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានករណីឆ្លងជាបន្តបន្ទាប់នៅក្នុងរយៈពេលចុងក្រោយនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញអារម្មណ៍រីករាយ ដោយមន្ទីរពេទ្យឯកជនមួយនេះ ពិតជាបានរួមចំណែកយ៉ាងច្រើន ក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ នូវប្រភេទជំងឺធ្ងន់ធ្ងរផ្សេងៗ ដោយប្រើប្រាស់ឧបករណ៍បរិក្ខារទំនើបចុងក្រោយ រួមជាមួយគ្រូពេទ្យមានជំនាញ ដែលជាដៃគូយ៉ាងល្អ និងបំពេញបន្ថែមយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីមន្ទីរពេទ្យរដ្ឋ។

ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានមន្ទីរសម្រាកព្យាបាល និងសម្ភព «ទេពនិម្មិត» នេះបានឲ្យដឹងថា មន្ទីរសម្រាកព្យាបាល បានបើកដំណើរការអស់រយៈពេល២២ឆ្នាំមកហើយ ដោយឡែកថ្ងៃនេះ ត្រូវបានសម្ពោធជាផ្លូវការនូវអគារថ្មីស្រឡាង បំពាក់ទៅដោយបរិក្ខារទំនើបៗចុងក្រោយ មានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់មកពីប្រទេសបារាំង នៅរង់ចាំពិនិត្យនិងព្យាបាលជូនពេញ២៤ម៉ោង។

ឯកឧត្តម បន្តថា នៅទីនេះមានបុគ្គលិកបំរើការងារចំនួន២៥នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតឯកទេស០៦នាក់ វេជ្ជបណ្ឌិតនិងគ្រូពេទ្យ០៤នាក់ ឱសថការី១នាក់ គិលានុបដ្ឋាកនិងឆ្មប១៥នាក់ បន្ទប់សំរាកមាន៤០បន្ទប់ មានបន្ទប់វះកាត់ បន្ទប់សម្រាលកូនជាដើម ជាពិសេសការសម្រាលកូនដោយគ្មានការឈឺចាប់ មានន័យថាយើងប្រើថ្នាំមិនអោយមានការឈឺចាប់។

ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី គូសបញ្ជាក់ថា អ្វីដែលពិសេសបំផុតនោះគឺមាន
-ម៉ាស៊ីនសុីធីស្គែន១៦ស្លាយទំនើបចុងក្រោយ ដែលអាចស្កេនចាប់ពីក្បាលដល់ដងខ្លួន
-ម៉ាស៊ីនឌីជីថល X-Ray ដោយម៉ាស៊ីន CRទំនើប
-ម៉ាស៊ីនអេកូសាស្ត្រ 3D-4Dទំនើបចុងក្រោយ «មានតែ០៣គ្រឿងគត់នៅក្នុងប្រទេសកម្ពុជា» ដែលមានលទ្ធភាពពិនិត្យរុករកជំងឺមហារីកថ្លើម ដំណើរវិវត្តន៍មហារីកសុដន់ជាដើម
-ម៉ាស៊ីនមើលឈាម អាចរុករកនូវជំងឺមហារីកបានមួយចំនួនទៀត។

ឯកឧត្តមវេជ្ជបណ្ឌិត បន្ថែមថា
គ្រប់ម៉ាស៊ីនទាំងអស់ខាងលើនេះ គឺមានក្រុមគ្រូពេទ្យទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាមកពីប្រទេសបារាំង នៅធ្វើការពិនិត្យបកប្រែវិភាគជំងឺ។

ជាមួយគ្នានោះ ក៍មានសេវាកម្មពិនិត្យព្យាបាលជំងឺទូទៅកុមារនិងមនុស្សចាស់, វះកាត់ទូទៅនិងវះកាត់ឆ្អឹងបាក់, ពិនិត្យផ្ទៃពោះស្ត្រីនិងសម្ភព, សេវាកញ្ចប់ពិនិត្យសុខភាពទូទៅ, ពិនិត្យត្រចៀកច្រមុះបំពង់ក ដោយម៉ាស៊ីនអង់ដូស្កូប, វាស់ចង្វាក់បេះដូង, ចាក់វ៉ាក់សាំងការពារគ្រប់ភេទ និងមានរថយន្តសង្គ្រោះបន្ទាន់២៤ ម៉ោង៕