អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន

(កែប)​៖ ថ្ងៃច័ន្ទ ៨ រោច ខែផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកែប ដោយមានការចូលរួម​ពីអភិបាលរងក្រុង-ស្រុក មន្ទីរស្ថាប័នពាក់ព័ន្ធ កងកម្លាំង និងមន្ត្រីរាជការនៃមន្ទីរសាធារណការផងដែរ ។

ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ បានពិនិត្យលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ និងបានបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២០។
ឯកឧត្តមក៏បានជម្រាបជូនអំពីទិសដៅ និងជំរុញទ្វេដងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានផ្តល់ការទុកចិត្តដល់រាជរដ្ឋាភិបាល និងសំដៅប្រមូលថវិកាជូនរដ្ឋ និងពង្រឹងការគ្រប់គ្រងយានយន្ត គម្រោងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍អោយនៅតិចបំផុតក្នុងឆ្នាំ ២០២០ ត្រូវបង្កើតក្រុមការងារ​ត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញតាមគោលដៅ ដើម្បីទប់ស្កាត់ការដឹកជញ្ជូន​លើសទម្ងន់ជាដើម ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសំណូមពរដល់មន្ត្រីសាធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តការងារ ភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ លេីការងារដឹកជញ្ជូនផ្លូវគោក និង សុវត្ថិភាពចរាចរណ៍ ការងារសាធារណការ ការងារសហគ្រាសសាធារណៈ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ និងបានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការខេត្តកែប និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដេីម្បីបម្រេីដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកកំសាន្តនៅខេត្តកែបនេះ ឯកឧត្តមបានរំលឹកអោយមន្ត្រីរាជការ និង ប្រជាពលរដ្ឋទូទាំងខេត្តចូលរួម អនាម័យ ថេរក្សាសុខភាព ដេីម្បីការពារពីជំងឺឆ្លង Covid-19 ៕