ពិធីបុណ្យ​អភិសេក​រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ​

(​កំពង់ធំ​)៖ ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោកជំទាវ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​អភិសេក​រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ ត្រង់​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦A(​កំពង់ធំ​ព្រះវិហារ និង​កំពង់ធំ​សៀមរាប​)​ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ នៅពេល​រាត្រី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​។​

ជាមួយគ្នានេះ​ផងដែរ​ពិធីបុណ្យ​អភិសេក​រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក ព្រះសង្ឃ មេបញ្ជាការ​កងកម្លាំង​ទាំងបី មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​
គួរបញ្ជាក់​ផងដែរ​ថា​ការសាងសង់​ដោយ​ដាវ​ដែក​កំពង់ស្វាយ​នេះ​មាន​ប្រវែង ៦.៤​ម៉ែត្រ ទទឹង​ដាវ ០.៤៥​ម៉ែត្រ កំរាស់​ខ្នង​ដាវ ០.៧០​ម៉ែត្រ​ផ្នែក​គល់​ដាវ ០.៣០​ម៉ែត្រ​ផ្នែក​ចុង​ដាវ ០.២០​ម៉ែត្រ​ផ្នែក​មុខដាវ ០.១០​ម៉ែត្រ​។​
ថ្លែង​នៅក្នុង​កម្មវិធី​នេះ​ឯកឧត្តម សុខ លូ​អភិបាល​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ ថា​អរគុណ​សន្តិភាព​!​អរគុណ​សម្ដេច​តេ​ជោ​ហ៊ុនសែន មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍​ខេត្តកំពង់ធំ​ពេលនេះ​កំពុងតែ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ភាព​រីកចំរើន​ទាំងអស់នេះ​កើត​ឡើងដល់​កម្លាំង​សាមគ្គី​គ្នា ការយកចិត្តទុកដាក់​ខ្ពស់ មានការ​ចូលរួម​យ៉ាង​សកម្ម​របស់​បងប្អូន​ជា​ពលរដ្ឋ​ផងដែរ ដើម្បីឱ្យ​ខេត្ត​យើង​មានមុខមាត់​ថ្មី​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​។​
ដាវ​អើយ​ដាវ​ដែក ដាវ​ល្អ​ចម្លែក ដាវ​ដែក​កំពង់ស្វាយ ផ្លែ​កេរ្តិ៍​ពី​ឪពុក ស្រោម​គេ​ពី​ម្ដាយ ដាវ​ដែក​កំពង់ស្វាយ កំចាយ​អស់​មារ​សត្រូវ ។

ជា​ចុងក្រោយ​ឯកឧត្តម​បា​កបាន​បួងសួង​សូម​បារមី​មហា​វីរបុរស​ខ្មែរ​គ្រប់​សម័យកាល​សូម​មក​សណ្ឋិត​លើ​រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ​នេះ ដើម្បី​ជួយ​ប្រោះព្រំ​ថែរក្សា​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​ឱ្យ​ជួបតែ​សេចក្តីសុខ​ចំរើន និង​ទទួលបាន​សុខសន្តិភាព​ជា​រៀងរហូត​តទៅ​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ