សមិទ្ធផលនានា ក្នុងវត្តសាយសមុនីរាម ឃុំកាឡែង ស្រុកលំផាត់ តម្លៃជាង៩៨២លានរៀល ត្រូវបានរៀបចំពិធីបញ្ចុះខណ្ឌសីមា សម្ពោធជាផ្លូវការតាមប្រពៃណីព្រះពុទ្ធសាសនា

(រតនគិរី)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធី
បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងសម្ពោធសមិទ្ធផលនានា វត្តសាយសមុនីរាម ភូមិសាយ៉ស់លើ ឃុំកាឡែង ស្រុកលំផាត់។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនកុះករទៀតផងដែរ។

ឯកឧត្តម ថង សាវុន ថ្លែងនៅក្នុងពិធីនេះថា សមិទ្ធផលទាំងអស់នៅទីអារាមនេះ គឺជាការខិតខំប្រឹងប្រែងសាមគ្គីរួបរួមគ្នារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមក៏បានអំពាវនាវប្រជាពុទ្ធបរិស័ទទាំងអស់បន្តចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនាបន្តទៀត ឲ្យកាន់តែរីកចម្រើនសាកសមជាសាសនារបស់រដ្ឋ ព្រោះសាសនាមានតួនាទីយ៉ាងសំខាន់​ ក្នុងការលើកកម្ពស់អប់រំសីលធម៌សង្គមដល់គ្រប់ស្រទាប់មនុស្ស។ ហើយសមិទ្ធផលទាំងនេះ មានគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ទុកជាមរតកកូនចៅជំនាន់ក្រោយរបស់យើង៕