ក្នុងប្រតិបត្តិការពីរថ្ងៃមកនេះសាខាកាំកុងត្រូលខេត្តសៀមរាប មិនបានរកឃើញភាពមិនប្រក្រតីលើទំទិញតាមទីផ្សារឡើយ !

(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យនៅតាមផ្សារទំនើប, បណ្តាឱសថស្ថាន, តូបចាប់ហួយនានាក្នុងក្រុងសៀមរាប រយ:ពេល២ថ្ងៃ តែមិនបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ ក្រៅពីតម្លៃម៉ាសមានការប្រែប្រួលតិចតួច ។

លោក លិញ សុវឌ្ឍុនា អនុប្រធានសាខាកាំកុងត្រូលខេត្ត បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានចុះត្រូតពិនិត្យនៅតាមផ្សារទំនើបៗមួយចំនួនរួមមាន៖ ផ្សារចៅ សាំហុក២ ផ្សារទំនើប អាស៊ីផ្លាហ្សា Star Mart CALTEX ដែលមានទីតាំងស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ និងតាមបណ្ដាផ្ទះលក់ទំនិញនានាតាមបណ្ដោយផ្លូវតាភុលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងគោលដៅសំខាន់ គឺប្រតិបត្តិការត្រួតពិនិត្យស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ការក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេតប្រើប្រាស់ និងភាពមិនអនុលោមផ្សេងទៀត ។ លោកបានបន្តទៀតថា បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរួចមកយើងទទួលបានលទ្ធផលល្អប្រសើរ ដោយពុំឃើញមានភាពមិនអនុលោមលើផលិតផលទំនិញណាមួយឡើយ។

លោក បានគូសបញ្ជាក់នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះថា ដោយយោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម ក្រុមការងារបានចុះអង្កេត តាមដានតម្លៃម៉ាស់ ទឹកសម្លាប់មេរោគជាប្រចាំ និងតាមរកផលិតផលជាផ្សិតម្ជុល នៅតាមបណ្ដាផ្សារទំនើបដែលជាផលិតផលរបស់ប្រទេសកូរ៉េ ត្រូវបានក្រុមហ៊ុន Sun Hong Food, Inc. មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្វើការប្រមូលត្រលប់យកទៅវិញដោយសារតែវាមានសក្តានុពលអាចចម្លងមេរោគ Listeria monocytogenes អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ។ ប៉ុន្តែជាលទ្ធផល គឺពុំឃើញមានលក់ផលិតផលជាផ្សិតម្ជុលនោះទេ តែមានផ្សិតម្ជុលស្រដៀងគ្នាដែលមិនមែនជាផ្សឹតត្រូវហាមឃាត់ ដូចរូបភាព នៃសេចក្តីប្រកាសរបស់ក្រុមហ៊ុន Sun Hong Food, Inc. ឡើយ ។
សូមជម្រាបជូនថា ក្នុងរយ:ពេលនៃការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មីហៅថា កូវីដ-១៩នេះមកតម្លៃទំនិញម៉ាសគ្រប់ប្រភេទមានការប្រែប្រួលបន្តិបន្តួចនៅតាមទីផ្សារស្ទើរទាំងអស់ ៕

អត្ថបទ និងរូបភាព: ស៊ាន សុផាត
កែសម្រួលដោយ លីវ សុខុន