ស្រុកក្រឡាញ់ អាចនឹងក្លាយជាស្រុកដំបូងគេ ទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ពីJICA

(សៀមរាប)៖ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ របស់រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាបទៅក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប តាំងពីឆ្នាំ២០១៤ បានបង្ហាញរូបរាងជាបន្តបន្ទាប់ តាមរយ:កិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចាយកា (JICA)។

គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ បានធ្វើការសិក្សាទៅលើស្រុកមួយចំនួនក្នុងខេត្តនេះ ដូចជា: ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់។ ប្រសិនបើគម្រោងនេះ ត្រូវបានសម្រេច ចាយកា នឹងផ្ដល់ជំនួយទាំងថវិកា និងបច្ចេកទេសសម្រាប់ស្រុកមួយ ក្នុងចំណោម ៤ស្រុកខាងលើរបស់ខេត្តសៀមរាប។

តាមលោក សុខ ណារ៉េត អភិបាលរង ស្រុកក្រឡាញ់ នៅថ្ងៃទី១៣ ខែមីនា បានឲ្យដឹងថា គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងចាយកា បានចុះសិក្សាដំបូងកាលពីឆ្នាំ២០១៦ និងនៅដើមខែមីនា ឆ្នាំ២០២០ ដែលគម្រោងនេះបានចាប់ផ្តើមសិក្សានៅខាងក្រោយផ្សារក្រឡាញ់ ស្ថិតក្នុងឃុំកំពង់ថ្កូវ ។

លោក សុខណារ៉េត បញ្ជាក់ថា ប្រសិនបើគម្រោងនេះត្រូវបានសម្រេចដាក់ឲ្យស្រុកក្រឡាញ់ វានឹងជួយដល់ការប្រមូលទឹកកខ្វក់ក្នុងទីប្រជុំជនស្រុក រំដោះទឹកជំនន់ ជួយលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានរបស់ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ទាំងមូល។

ដោយមានកិច្ចសហការល្អរវាងលោកស្រី ម៉ននី រង្ស៊ី អភិបាលស្រុក រួម និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់រដ្ឋបាលស្រុក ជាមួយក្រុមហ៊ុនជប៉ុន និងអ្នកជំនាញការJICA ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ ក្រុមការងារជំនាញរបស់ពួកគេ នឹងចុះមកសិក្សាជាលើកចុងក្រោយ ដោយលោកសង្ឃឹមថា ស្រុកក្រឡាញ់មានភាគរយខ្ពស់ ទទួលបានគម្រោងនេះ ៕

រូបថត ៖ រដ្ឋបាលស្រុកក្រឡាញ់
អត្ថបទ ៖ លោក សេង ផល្លី
កែសម្រួលដោយ លីវ សុខុន