សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​សុខាភិបាល​ក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​២០២០ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ

(​ត្បូងឃ្មុំ​)៖ រយៈពេល​មួយថ្ងៃ​ពេញ​នៃ​សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​សុខាភិបាល​ក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​២០២០ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ធ្វើឡើង​នា​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ត្បូងឃ្មុំ បាន​លើក​បង្ហាញ​ពី​លទ្ធផល​ការងារ​ដែល​មន្ទីរ​បង្អែ​ក​ទាំង​០៧​ក្រុង​ស្រុក នឹង​តាម​បណ្ដា​ប៉ុស្តិ៍​សុខភាព​ទូទាំង​ខេត្ត សម្រេចបាន​យ៉ាង​ល្អប្រសើរ និង​បញ្ហា​ប្រឈម ក៍​ដូចជា​ដំណោះស្រាយ ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ឲ្យ​កាន់តែ​ល្អ​ទ្វេ​ឡើង​។

​ជាងនេះទៅទៀត ក្នុង​អង្គសន្និបាត បានធ្វើការ​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ទៅកាន់​មន្ត្រី​សុខាភិបាល​ទូទាំង​ខេត្ត ពិសេស​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​បង្ការ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​Covid-19 គ្រប់ពេលវេលា ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។​

​ដែល​អង្គសន្និបាត​នេះ​បាន​ប្រារព្ធ​បើក ក្រោម​អធិបតីភាព ឯកឧត្តម​ទន្ត​បណ្ឌិត អឿន បូ​រា​រ័ត្ន​ន៍ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ឯកឧត្តម ចេង ប៊ុណ្ណា​រ៉ា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ដោយឡែក​នៅ​ថ្ងៃ​ដដែល អង្គសន្និបាត​បាន​ប្រារព្ធ​បិទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ថ្លែង​នាឱកាស​បើក​អង្គសន្និបាត ឯកឧត្តម​ទន្ត​បណ្ឌិត អឿន ប៉ូរា​រ័ត្ន​ន៍ បាន​ជំរុញ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង និង​អភិវឌ្ឍ​គុណភាព​សេវា​សុខាភិបាល អោយក្លាយ​ទៅជា​ដៃគូ​ដ៏​សំខាន់​ជាមួយនឹង​សេវាសាធារណៈ និង​ត្រូវ​ធានា​និរន្តរភាព នៃ​សកម្មភាព​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងឱកាស​បិទ​អង្គសន្និបាត ឯកឧត្តម​ប​ណ្ធិ​ត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្ត ក៍​ដូចជា​មន្ត្រី​សុខាភិបាល​ទូទាំង​ខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​បម្រើសេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ពេញ​២៤​ម៉ោង ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា <<​សូម​អរគុណ​ចំពោះ​ការខិតខំ​របស់លោក​គ្រូ​អ្នកគ្រូ​ពេទ្យ អំពើ​ល្អ​នេះ​មិន​សាបសូន្យ​នោះទេ​>>​។​

​ស្របពេល​ពិភពលោក​រង​ការវាយលុក​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​Covid-19 ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក ឃុំ​-​សង្កាត់ រួមជាមួយ​អាជ្ញាធរ​អង្គភាព​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ទូទាំង​ខេត្ត ត្រូវ​រួមគ្នា​ជាមួយ​វិស័យ​សុខាភិបាល ធ្វើ​សកម្មភាព​អប់រំ​អំពី​ការរស់នៅ​ប្រកបដោយ​អនាម័យ ត្រូវ​ពាក់​ម៉ាស និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាកុល ហើយ​បើ​សង្ស័យ​មាន​អាការ​:​មិន​ប្រក្រតី នៃ​រោគសញ្ញា ត្រូវ​ទាក់ទង​ទៅកាន់​លេខ​115 ឬ​ទៅ​ជួប​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​ទទួលបាន​ការណែនាំ ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នឹង​ជំងឺ​នេះ​។​

​ក្នុងឱកាស​នោះ លោក​វេជ្ជបណ្ឌិត កែវ​វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បានធ្វើ​របាយការណ៍​ស​ង្ខេ​ប​អំពី​សមិទ្ធផល​ការងារ​សុខាភិបាល​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ផែនការ​ឆ្នាំ​២០២០ ដោយ​ក្នុងនោះ​អនុវត្តតាម ០៤​កម្មវិធី​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ការឈឺ និង​ស្លាប់​របស់​មាតា​ទារក​និង​កុមារ លើកកម្ពស់​សេវា​សុខាភិបាល​កាត់បន្ថយ​ការឈឺ​និង​ឆ្លង​នៃ​ជំងឺគ្រុនឈាម និង​ផ្ដាសាយ​បក្សី និង​វិធានការ​ពិសេស​ពាក់ព័ន្ធ​នឹង​ជម្ងឺ​Covid-19 ដែល​កំពុងតែ​ផ្ទុះ​និង​រីក​រាលដាល​នាពេល​បច្ចុប្បន្ននេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​