សម្ដេចក្រឡាហោម ស ខេង អញ្ជើញអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

(ព្រៃវែង)៖ នៅសាលប្រជុំសាលាខេត្តព្រៃវែង  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលធ្វើនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បាន រាយការណ៍អំពីសកម្មភាពការងាររបស់ ក្រុមការងារថ្នាក់ក្រោមជាតិ ដែលបានអនុវត្តក្នុងឆ្នាំ ២០១៩ កន្លងមកនោះមាន រៀបចំវេទិកាសាធារណៈ និងកិច្ចប្រជុំនានាចំនួន ៤២៣ លើក មានអ្នកចូលរួមសរុបចំនួន ៤៩,០៤២ នាក់ ក្នុងនោះទទួលបានសំណើសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានបើកបានលើកឡើងសរុបចំនួន ៥៥៩ ករណី បានដោះស្រាយរួចចំនួន ១៩០ ករណី កំពុងដោះស្រាយ ១៦៣ ករណី និងបញ្ជូនទៅថ្នាក់ជាតិចំនួន ២០៦ ករណី។

តាមរយៈការជួបប្រជុំ និងការធ្វើវេទិកាសាធារណៈ បានធ្វើឲ្យក្រុមការងារក្តាប់បាននូវបញ្ហាសំណូមពរតម្រូវការ និងចម្ងល់នានារបស់ប្រជាពលរដ្ឋ ហើយបញ្ហាទាំងអស់នេះ ក៏ត្រូវបានក្រុមការងារធ្វើការពន្យល់ បកស្រាយ និងដោះស្រាយតាមលទ្ធភាព និងសមត្ថកិច្ចរបស់ខ្លួននៅនឹងកន្លែង និងជាបន្តបន្ទាប់។

ជាមួយនេះ ក្នុងរយៈពេលកន្លងមក ជារួមឃើញថា ការដោះស្រាយនូវសំណូមពរដែលនៅសេសសល់បានតិចតួចដោយសារតែបញ្ហាមួយចំនួនពាក់ព័ន្ធនឹងក្រសួងស្ថាប័នថ្នាក់ជាតិ និងមានលក្ខណៈជាច្បាប់កំណត់ផងមនិងលក្ខណៈ អន្តរស្ថាប័នផង។

នៅក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏សុំកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងការចិត្តរបស់ក្រុមការងារថ្នាក់ក្រោមជាតិ រដ្ឋបាលក្រុង ស្រុក ទាំង ១៣ ដែលបានខិតខំអនុវត្តការងារផែនការសកម្មភាពបានយ៉ាងល្អប្រសើរដែលធានាបាននូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋប្រសើឡើងគួឲ្យកត់សម្គាល់។

សម្ដេចក្រឡាហោម បានបន្តទៀតថាឆ្នាំ ២០២០ នេះជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យជាបន្តទៀត ដោយហេតុនេះក្នុងឆ្នាំ ២០២០ នេះយើងត្រូវរួមគ្នាធ្វើការពង្រឹងការប្ដេជ្ញាចិត្ត សម្រេចឲ្យបាននូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ មានដូចជា៖

១-បន្តប្ដូរផ្ដាច់ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុជា។

២-បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សលើមូលដ្ឋាននៃការធានាអោយបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដោយត្រូវផ្សារភ្ជាប់ការដំណើរការប្រជាធិបតេយ្យជាមួយនីតិរដ្ឋ និងការថែរក្សាការពារឲ្យបាននូវអត្តសញ្ញាណជាតិសេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ និងការកសាងភាពសុខដុមរមនាក្នុងសង្គម។

៣-បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសំដៅបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតសម្រាប់បន្តជំរុញកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រប្រកបដោយសមធម៌និងចីរភាព។

និង៤-ខិតខំប្រមូលផ្ដុំបង្កើតប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈការផ្ដល់ប្រយោជន៍នានាពីការអភិវឌ្ឍការផ្ដល់នូវកិច្ចគាំពារផ្នែកសង្គមប្រកបដោយសមធម៌ និងការខិតខំដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋសំដៅធានាលើកកម្ពស់ការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋលើកិច្ចការគ្រប់វិស័យក្នុងសង្គម៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង