សង្កាត់ឡាបានសៀក បើកយុទ្ធនាការផ្សព្វផ្សាយពីការពារវីរុសកូរ៉ូណាថ្មី

(រតនគិរី)៖ ឆ្លើយតបនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាថ្មីនោះ (covid-19) សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោក ចាន់ សារុន ចៅសង្កាត់បានធ្វើសកម្មភាពផ្សព្វផ្សាយទប់ស្កាត់ការឆ្លងវីរុស នេះនៅវិទ្យល័យចំនួន២ គឺវិទ្យាល័យសម្តេចឪសម្តេចម៉ែ និងវិទ្យាល័យហ៊ុនសែនភូមិថ្មីដោយមាន សិស្សានុសិស្សចូលរួមស្តាប់ជិត៤.០០០នាក់ ហើយសកម្មភាពផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ក្នុងឱកាសនោះចៅសង្កាត់រូបនេះបានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេល ចូលរៀនជាដើម។ ក្នុងនោះដែរ លោកក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់វិទ្យាល័យទាំង២សម្រាប់ទិញអាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឱ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំផងដែរ។

គួរបញ្ជាក់ថាយុទ្ធនាការបង្ការ និងទប់ស្កាត់វីរុសកូរ៉ូណាគឺស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ក៏ដូចជាអនុសាសន៍របស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ដើម្បីផ្ដល់នូវទំនុកចិត្តជូនអាណាព្យាបាលឲ្យបញ្ជូនកូនមករៀន និងធានាថាកូនៗរបស់ពួកគាត់មានសុវត្ថិភាពជៀសផុតពីការចម្លងវីរុសកូរ៉ូណា កូវីត១៩នេះ៕