សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្លូវលំ១ខ្សែនៅតំបន់ក្រចាប់​ និងការសាងសង់អាគារសាលាបឋមសិក្សា ២ខ្នង ស្ថិតនៅភូមិសេះស្លាប់

(កំពង់ឆ្នាំង)៖ ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី  ក្រសួងព្រះបរមរាជវាំង ​បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ផ្លូវលំ១ខ្សែ ប្រវែង ១ ០០០ ម៉ែត្រ នៅតំបន់ក្រចាប់ ឃុំត្រពាំងចាន់ និង អាគារសិក្សា២ខ្នង នៅសាលាបឋមសិក្សានរត្តម សីហមុនី ស្ថិតនៅភូមិសេះស្លាប់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ​ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុង​ដំណើរ​បេសកកម្ម​ចុះត្រួត​ពិនិត្យ​នោះ អមដំណើរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ​ទទួលបន្ទុក​កិច្ច​ការទូទៅ​នៃក្រសួង​ព្រះបរមរាជវាំង​ ព្រមទាំងមានការចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធីអភិបាលរងខេត្ត ឯកឧត្តម ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៌ និងលោក ប្រធានក្រុមប្រឹក្សា លោកអភិបាលរងស្រុក រួមនិងអាជ្ញាធរឃុំភូមិ។

​ ក្នុងឱកាសនោះផងដែរសម្ដេចបានផ្ដល់ជូនប្រជាពលរដ្ឋចូលរួម ៨៩នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា ១០ ០០០ រៀល ផងដែរ ៕