ពន្ធនាគារខេត្តព្រៃវែងប្រារព្ធខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ (មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ)

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ ពន្ធនាគារខេត្តព្រៃវែងបានប្រារព្ធខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ២០២០ ក្រោមប្រធានបទ(មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ) ក្រោមអធិបតីភាព លោកជំទាវ គង់ សាឡន តំណាងរាស្ត្រមណ្ឌលព្រៃវែង លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្ត។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខទី២ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង បានរាយការណ៍អំពីស្ថានភាំពសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារខេត្តព្រៃវែងនេះគឺមានភាពល្អប្រសើរ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ហើយសព្វថ្ងៃនេះមានជនជាប់ឃុំចំនួន ៧៦២ នាក់ ស្រី ៥៣ នាក់ ក្នុងនោះ ជន់ជាប់ឃុំដែមានកូនតាមម្ដាយចំនួន ៥ នាក់ និងពោះធំម្នាក់។

លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្ត និងលោកជំទាវ គង់ សាឡន តំណាងរាស្ត្រមណ្ឌលព្រៃវែង បានលើកឡើងថា ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ លោកជំទាវទាំងពីរក៏បានបន្តថា ទោះបីជាយើងជាប់ឃុំក៏ពិតមែនក៏ប៉ុន្តែ រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ មិនដែលព្រងើយកន្តើយ ទុកចោល ដោយមិនយកចិត្តទុកដាក់នោះទេ គឺតែងតែខ្វល់ខ្វាយ អំពីសុខទុក្ខ របស់បងប្អូនជនជាប់ឃុំទាំងអស់គ្រប់ពេលវេលា ទោះបីថា បងប្អូន ស្ត្រីជនជាប់ឃុំ នេះ មិនមានសិទ្ធិសេរីភាពដើរហើខាងក្រៅក៏ពិតមែន ក៏ប៉ុន្តែ ក៏នៅតែមានសិទ្ធិក្នុងការ រស់រៀនមានជីវិត រៀនសូត្រ និងប្រែក្លាយខ្លួនទៅជាបុគ្គលល្អនៅពេលខាងមុខបានដូចគេដូចឯងដែរ។

លោកជំទាវទាំងពីក៏សំណូមពរដល់ស្រ្តី ជនជាប់ឃុំទាំងអស់ត្រូវ តស៊ូក្នុងជីវិត មិនត្រូវបាក់ទឹកចិត្តនោះទេ ចំពោះការជាប់ពន្ធនាគារនេះគឺដោយសារតែ ការគិតឆាវឆាវ ឈាមរាវ ខ្វះការពិចារណា ដែលបណ្ដាលឲ្យឈានទៅដល់ ការចុះឃុំបែបនេះក៏ប៉ុន្តែ យើងត្រូវ ខិតខំ កែខ្លួន ធ្វើអំពើល្អ ឡើងវិញនៅពេលដែលបានចេញពីឃុំឃាំងនៅក្នុងពន្ធនាគារនេះ ហើយត្រូវ លុតដំ កាយចិត្ត ដោយមិនប្រព្រឹត្តនូវអំពើខុសឆ្គងដែលល្មើសនឹងច្បាប់នៅក្នុងប្រទេសនោះទេ៕

ក្នុងឱកាសនោះដែរលោកជំទាវទាំងពីក៏បាន ផ្ដល់នូវអនុស្សាវរីយ៍ដល់ជនជាស្ត្រីជាប់ឃុំ ម្នាក់មួយកញ្ចប់ ហើយលោកជំទាវទាំងពីរក៏បានអញ្ជើញចូលពិនិត្យមើលការរស់នៅរបស់ជនជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារនោះផងដែ។

នៅថ្ងៃដដែលនោះផងដែរ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ ១ លឹម សុខា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានចុះធ្វើការផ្សព្វផ្សាយអំពីវីរុស ថ្មី covid 19 ដល់មន្ត្រីពន្ធនាគារ ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់ ជនជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារដោយត្រូវឲ្យគាត់ចេះធ្វើអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសនៅពេល មានសាច់ញាតិដែលមកសួរសុខទុក្ខនៅពន្ធនាគារនេះម្ដងៗ។ ហើយប្រសិនបើមានជនជាប់ឃុំរូបណា មានអាការៈមិនប្រក្រតី ឬមានកំដៅលើសពី ៣៧ អង្សារឡើងទៅ ត្រូវប្រញាប់ជូនគាត់ទៅមន្ទីរពេទ្យ ជាបន្ទាន់ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា និងមិនឲ្យមានការឆ្លងដល់អ្នកដទៃនោះផងដែរ៕