ឯកឧត្តម ថោង ខុន អញ្ជើញចូលរួមជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តកំពពង់ធំ

(កំពង់ធំ)៖  ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី ១០ខែមីនាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ធំ ។

ពិធីបិទសន្និបាតនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សាលាដំបូងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង/ស្រុក និងលោកមេឃុំ/សង្កាត់ផងដែរ ។


ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងពីរបាយការណ៍បូកសរុបនៃការពិភាក្សា  និងវិធានការចាំបាច់មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារជាអាទិភាពឆ្នាំ២០២០ មានដូចខាងក្រោម៖ អំពីការចាប់ផ្ដើមដំណើរការនៃរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្មីនៃរដ្ឋបាលក្រុង/ស្រុក ការចាត់ចែងអនុវត្តមូលនិធិផ្នែកអភិវឌ្ឍន៍មូលដ្ឋានដែលបានបង្កើតដល់ឃុំ/សង្កាត់, ការពង្រឹងរបៀបរបបការងារនិងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សានិងគណៈអភិបាល អំពីយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្តកំពង់ធំ ការធានារក្សាសន្តិសុខស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, សណ្ដាប់ធ្នាប់ចរាចរណ៍ ។

ការគ្រប់គ្រងជនបរទេស, ការងារអត្តសញ្ញាណកម្ម, ការគ្រប់គ្រងពន្ធនាគារ,  ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ, ការពង្រឹងស្ថាប័ននិងការបណ្ដុះបណ្ដាលការងារសមត្ថភាពធនធានមនុស្ស ។

ថ្លែងបិទសន្និបាតនាឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា នៅឆ្នាំ ២០១៩ ប្រទេសកម្ពុជា នៅតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧.១% ជាមួយការប្រមូលចំណូលថវិកាជាតិកើនឡើងលើគម្រោងផែនការប្រមាណ ១.៦០០លានដុល្លារអាមេរិក ហើយអត្រានៃភាពក្រីក្របានស្ថិតក្នុងអត្រាទាបជាង ១០% និងបន្តជំរុញបំផុសចលនាប្រជាជនចូលរួមក្នុងការអនុវត្តគោលនយោបាយ(ភូមិ/ឃុំមានសុវត្ថិភាព) ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជាសកម្មភាព លួច ឆក់ ប្លន់បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ។


ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា រដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យ ស្ដីពីការផ្ទេរសាច់ប្រាក់ជូនគ្រួសារស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារមានអាយុក្រោម ២ឆ្នាំក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦- ២០២៥ ដែលក្នុងនោះរដ្ឋបាលឃុំ/សង្កាត់ជាអ្នកទទួលបន្ទុកចុះឈ្មោះអ្នកទទួលផលថ្មី ។

ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់អ្នកចូលរួមក្នុងសន្និបាតទាំងអស់ ត្រូវខិតខំបំពេញទៅតាមតួនាទី/ភារកិច្ចរបស់ខ្លួនដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបានភាពជោគជ័យ និងជឿនលឿនបន្ថែមទៀត ។ ក្នុងនោះផងដែរការប្រឡងប្រណាំងការអនុវលើគោលនយោបាយភូមិ/ ឃុំមានសុវត្ថិភាពទាំង ៨១ឃុំ/សង្កាត់នៅក្នុងខេត្តកំពង់ធំមានឃុំសង្កាត់ដែលទទួលបានចំណាត់ថ្នាក់ប្រភេទលេខ១= ៧១ឃុំ/សង្កាត់ ប្រភេទលេខ ២= ០៨ឃុំ/សង្កាត់ និងប្រភេទលេខ ៣= ០២ឃុំ/សង្កាត់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ