រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០”

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០៖

រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០”ដើម្បីបង្កើត ឱកាសសំរាប់យុវជនទាំងនៅអាស៊ី ទាំងអឺរ៉ុប ជំរុញការលើកកម្ពស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍ ប្រទេស។
ឯកឧត្តម សុខ សូកេន អនុរដ្ឋលេខាធិកាក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប ( ASEF Young Leaders Summit ) ដែលហៅកាត់ថា ASEFYLS គឺជាវេទិកាយុវជនដែលផ្តោតសំខាន់លើការអនុវត្តនិងបង្កើតបទពិសោធន៍ពាក់ព័ន្ធនឹងទស្សនាទានយុទ្ធសាស្រ្ត និងសកម្មភាពអភិវឌ្ឍន៍សង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
ឯកឧត្តមបន្ថែមថា ការដែលជ្រើសរើសយកប្រធានបទនេះដោយសារតែ ក្នុងបរិបទឥឡូវក្នុងរូបភាពគោលនយោបាយសេរីទាំងអស់នៅក្នុងសកម្មភាពរបស់ពិភពលោក គឺតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើបដិវត្តឧស្សាហកម្ម ៤.០ គឺវាទាក់ទងទៅនឹងការចែករំលែកព័ត៌មាន ល្បឿន បណ្ដាញសង្គម និងការរីកចំរើនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។
«ASEFYLS មានគោលបំណងបំពាក់បំប៉ននិស្សិត នឹងអ្នកអាជីពវ័យក្មេង ជាមួយនឹងការយល់ដឹងអំពីបញ្ហាសង្គម ដែលតំបន់អាស៊ីនិងអឺរ៉ុបកំពុងប្រឈម និងអ្នកពាក់ព័ន្ធ ( Stakeholders ) ក្រោមក្របខណ្ឌនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយ ASEFYLS ក៏មានគោលបំណងសម្រួលនូវការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍រវាងយុវជន ថ្នាក់ដឹកនាំ ASEM ព្រមទាំងអ្នកដឹកនាំពីវិស័យឯកជន និងសង្គមស៊ីវិល ។
ឯកឧត្តមបញ្ជាក់ថា វេទិកាព្រឹត្តិការណ៍នេះនឹងរៀបចំឲ្យមានការចូលរួមពីយុវជនប្រហែលជា ១៥០នាក់ មកពី ៥១ប្រទេស មកពីទ្វីបអាស៊ី និងអឺរ៉ុប ហើយចំពោះកម្ពុជានឹងមានយុវជន ចូលរួមចំនួន៣០នាក់ពីស្ថាប័នផ្សេងៗ ពាក់ព័ន្ធផ្សេងៗដូចជា ក្រសួងការបរទេស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរអប្សរា ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤
នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ខែវិច្ឆិកា ដែលនឹងរៀបចំឡើងនៅសៀមរាបនិងរាជធានីភ្នំពេញដើម្បីលើកតម្កើងពីអត្តសញ្ញាណជាតិកម្ពុជាយើង ពិសេសឲ្យពួកគេបានស្គាល់ ពី តំបន់បេតិភណ្ឌវប្បធម៌ជាតិកម្ពុជា៕