ព្រឹកនេះ ក្លិបអ្នកកាសែតកម្ពុជាបើកវេទិកាពិភាក្សាស្តីពី «សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ»

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ បានបើកវេទិកាពិភាក្សាស្តីពី «សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ» នៅភោជនីយដ្ឋាន ទន្លេបាសាក់២។

ការបើកវេទិកានេះឡើងគឺ ដោយយល់ឃើញថា បច្ចុប្បន្ននេះព័ត៌មានទាក់ទងនឹង COVID-19 បាននឹងកំពុងក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមព័ត៌មានទូទៅ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺព័ត៌មានក្លែងក្លាយ ឬមិនច្បាស់លាស់ទាក់ទងនឹង COVID-19 ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងបង្កការភ័យខ្លាច។

ក្នុងបរិបទបែបនេះ ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា ការបើកកិច្ចពិភាក្សាក្រោមប្រធានបទដូចបានលើកឡើងខាងលើពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មានពិតផ្សព្វផ្សាយដល់ សាធារណជន ក៏ដូចជាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ។

វេទិកាពិភាក្សាស្តីពី «សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ» ក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយស ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងលោក ពុយ គា អគ្គលេខាធិការនៃក្លិបអ្នកកាសែតកម្ពុជា។ ព្រមទាំងអ្នកជំនាញសារព័ត៌មាន ដើម្បីចែករំលែកព័ត៌មានឲ្យកាន់តែច្បាស់លាស់ថែម ទៀតអំពីការវិវឌ្ឍថ្មីៗនៃវីរុស COVID-19 ក្រមសីលធម៌ និងបញ្ហាផ្លូវច្បាប់ ព្រមទាំងការ បន្សាបព័ត៌មានក្លែងក្លាយ៕ ដោយ៖ ធូ កុសល