ឯកឧត្តម ទៀ សីហា អញ្ជើញចុះពិនិត្យស្ថានភាពទីតាំងពង្រីកផ្លូវមួយកន្លែង ស្ថិតក្នុងភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប

(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទីតាំងពង្រីកផ្លូវមួយកន្លែង ស្ថិតក្នុងភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។

មានវត្តមានក្នុងឱកាសនោះដែរ លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង លោកប្រធានមន្ទីរ អង្គភាពក្នុងខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត លោកចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់សៀមរាប មន្ត្រីបច្ចេកទេស មន្ត្រីពាក់ព័ន្ធក្នុងខេត្ត ព្រះចៅអធិការវត្តពោធិបន្ទាយជ័យ និង ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនាក់បានចូលរួម ។ ក្នុងការចុះត្រួតពិនិត្យស្ថានភាពនាពេលនោះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិពោធិបន្ទាយជ័យ អំពីផែនការអភិវឌ្ឍក្នុងក្រុងសៀមរាបទាំងមូលរួមទាំងសង្កាត់សៀមរាបនេះផងដែរ ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ជូនថា ចំពោះការអភិវឌ្ឍន៍នៅគ្រប់ទីកន្លែងតែងតែមានផលប៉ះពាល់ទោះជាតិចក្តីច្រើនក្តីជាក់ស្ដែងនៅទីតាំងនេះក៏មានផលប៉ះពាល់ប្រជាពលរដ្ឋចំនួន៨ គ្រួសារផងដែរ ហើយការប៉ះពាល់នេះ អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង បានរួមគ្នាដោះស្រាយតាមលទ្ធភាពសមស្របជូនបងប្អូនទាំង ៨គ្រួសារដែលប៉ះពាល់នេះ ដើម្បីសម្រួលដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានសោភ័ណភាព សណ្ដាប់ធ្នាប់ និងផលប្រយោជន៍សាធារណ:នៅទីនេះបានល្អប្រសើរ ។​ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ ៨គ្រួសារ និងបងប្អូននៅក្នុងភូមិនេះ សូមឱ្យមានការចូលរួមយ៉ាងសកម្ម ដើម្បីអភិវឌ្ឍទីកន្លែងនេះប្រកបដោយសេចក្តីសុខ និងចីរភាព ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនអំពីសភាពការណ៍ដែលកំពុងកើតមានឡើងនៅក្នុងខេត្តសៀមរាប នោះគឺជំងឺផ្លូវដង្ហើមកូវីដ- ១៩ ដែលមានការឆ្លងមួយករណីទៅលើបុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ ប៉ុន្តែករណីនេះត្រូវបានអាជ្ញាធរខេត្ត និងសមត្ថកិច្ចសុខាភិបាលយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍បានល្អប្រសើរបំផុត ។

សូមជម្រាបជូនថា ប៉ុន្មានខែចុងក្រោយនេះអាជ្ញាធរខេត្ត បាននឹងកំពុងតែបង្កើនការងារអភិវឌ្ឍន៍ហេថារចនាសម្ព័ន្ធផ្លូវថ្នល់ ជាច្រើនកន្លែងនៅក្នុងខេត្ត ក្នុងនោះមានផ្លូវចំនួន១០១ខ្សែ នៅក្នុងក្រុងសៀមរាបបានកំពុងស្ថាបនា កំពុងឈួសឆាយ និងជួសជុល ផ្លូវប្រភេទចាក់បេតុង ផ្លូវក្រាលកៅស៊ូDBST, ផ្លូវក្រាលកៅស៊ូបេទីមីន័រ និងផ្លូវក្រាលគ្រួសក្រហម ៕

អត្ថបទ: លោក បូ សាវី, រូបភាព: លោកខេង ឧត្តម
កែសម្រួលដោយ លីវ សុខុន