រដ្ឋបាលខេត្ត​ព្រះវិហារ​ បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩

(ព្រះវិហារ)​៖​ នាពី​ព្រឹក​ថ្ងៃទី​១០​ ខែមីនា ​ឆ្នាំ​២០២០​ រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​បិទ​សន្និបាត​បូកសរុប​ លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​ របស់ខ្លួន​។​ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាពឯកឧត្តម មាស​ សុភា​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​

​មានការ​អញ្ជើញ​ចូលរួមពីឯកឧត្តម ប្រាក់ ​សុវណ្ណ​ អភិបាលខេត្ត​,​ឯកឧត្តម ឡុង​ សុវណ្ណ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោកជំទាវ ឱ​ សុខុម​ សមាជិក​ព្រឹទ្ធសភា​រួមជាមួយ​អស់លោក​ ​លោកស្រី​តំណាង​ក្រសួងមហាផ្ទៃ​ ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ​អភិបាលរង​ខេត្ត​មេបញ្ជាការ​កងកម្លាំង​ទាំង​៣ លោក​អភិបាលក្រុង​-​ស្រុក​ ប្រធាន​ម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ជាច្រើន​រយ​នាក់​។​

​សូមបញ្ជាក់ថា​ ​កាលពី​ថ្ងៃទី​០៩ ​ខែមីនា​ ឆ្នាំ​២០២០​ តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​ ដែលមាន​៩២​ទំព័រ​អាន​ដោយ​លោកស្រី ​ចឹក​ ហេង​ អភិបាលរង​ខេត្ត​បាន​បង្ហាញថា​ ​ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ​ គ្រប់​លទ្ធផល​សកម្មភាព​ការងារ​ទាំងអស់​មានកា​រវិ​វត្ត​និង​រីកចម្រើន​គួរអោយកត់សម្គាល់​លើ​គ្រប់​វិស័យ​។​ ​ទាំង​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​វិស័យសេដ្ឋកិច្ច​ និង​សង្គមកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាពិសេស​ការអភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន​។ ដោយសារតែ​យើង​ មាន​សុខសន្តិភាព ​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ​រវាង​កម្លាំង​ឈរជើង​នៅតាម​ព្រំដែន​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​នានា​ផងដែរ​។​

​ជារួម រាល់​ការរីកចម្រើន​ទាំងអស់នេះ ក៏ដោយ​សារ​មានការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយមាន​ភាពវៃឆ្លាតរបស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់លើ​។​ រួមជាមួយ​ការដឹកនាំ​ដោយផ្ទាល់​ពី​ថ្នាក់​ខេត្ត​ ព្រមទាំង​មានការ​ចូលរួម​សហកា​រ​គ្នា​បានល្អ​ពី​គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ពី​គ្រប់​មន្ទីរ​អង្គភាព​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​ និង​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​កិច្ចសហប្រតិបត្តិការ​តាម​ផ្នែក តាម​ជំនាញ​រៀងៗ​ខ្លួន​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ