អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ក្នុងរដូវរាំងស្ងួតនេះ

(កំពង់ចាម)៖ ក្នុងពិធីអបអរសាទរទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ នៅព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០នេះ នៅភូមិចក្រីឃុំអូរស្វាយ ស្រុកកំពង់សៀម អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានគ្រោះអគ្គីភ័យ ព្រោះរដូវនេះជារដូវរាំងស្ងួតហួតហែង ដែលជាប្រការធ្វើឲ្យងាយរង គ្រោះដោយសារអគ្គិភ័យនេះ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា តាមរបាយការណ៍អំពីហេតុការណ៍ គ្រោះអគ្គីភ័យឆ្នាំ ២០១៩ និងក្នុងត្រីមាស ទី១ ដើមឆ្នាំ២០២០ នៅទូទាំងខេត្តកំពង់ចាម មានអត្រាគ្រោះអគ្គីភ័យកើតមានឡើង រហូតដល់ចំនួន ៤៩ ករណី បណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ របួសមនុស្សចំនួន ២នាក់ ឆេះផ្ទះ៥៧ ខ្នង ខូចខាតជាទឹកប្រាក់សរុប ជាង ៨០០ លានរៀល ។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ មានការកើនឡើង ១៧លើក ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានសំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើបញ្ហាអគ្គីភ័យនេះ ជាកិច្ចការអាទិភាពមួយទៀត សម្រាប់យើងទាំងអស់គ្នា ព្រោះថាប្រសិនបើមានអគ្គីភ័យកើតឡើងនោះការខូចខាតពិតជាមានទំហំ មិនអាចប៉ាន់ប្រមាណបានឡើយ ដូចសុភាសិតមួយបានលើកឡើងថា (ស៊ូស្លាប់បាកុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ ) ។

ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងដែរថា ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ ដែលកើតឡើងដោយចៃដន្យ សមត្ថកិច្ចជំនាញត្រូវអនុវត្តដូចខាងក្រោម៖ ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកឱ្យត្រៀមលក្ខណៈបម្រុងទុកជាមុនក្នុងការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។

ចំណែកលោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ ត្រូវយកចិត្តទុកដាក់ចាត់តាំងមន្ត្រីចុះផ្សព្វផ្សាយដល់ប្រជាព លរដ្ឋ នៅតាមមូលដ្ឋាន ភូមិ-ឃុំ/សង្កាត់ ឱ្យមានការប្រុងប្រយ័ត្នជាមុន ការពារគ្រោះអគ្គិភ័យ ដោយខិតខំចលនាអោយបងប្អូន មានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ(ចង្ក្រានហ្គាស និងកំប៉ុងហ្គាស)
ជាដើម និង ត្រូវមានទឹកបម្រុងទុកជាប្រចាំផងដែរ ។

ដោយឡែក នៅតំបន់ទីផ្សារ ចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ដល់អ្នកលក់ដូរ តូបលក់ដូរ ត្រូវត្រួតពិនិត្យខ្សែភ្លើងអគ្គិសនី និងមានទឹកគ្រប់គ្រាន់នៅជិតៗអោយបានច្រើន មានម៉ាស៊ីនបូមទឹក មានទុយោរក្សាទុកសម្រាប់ត្រៀមលក្ខណៈពេលមានអគ្គិភ័យកើតឡើង៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម