ប្រមុខការទូត ថា ទិវា ASEM Day ជាជំហានឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១០ ០៣ ២០២០ ៖

ប្រមុខការទូតកម្ពុជា លើកឡើងថា ការប្រារព្ធទិវា ASEM Day ជាការបង្ហាញពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម….
ថ្លែងក្នុងឱកាសអបអរសាទរទិវា“ASEM DAY”ស្តីពី ”កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១០ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ការប្រារព្ធពិធីអបអរសាទរទិវា “ASEM Day” នេះពិតជាពិសេស និងវិសេសវិសាលបំផុតសម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) នៅរាជធានីភ្នំពេញនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកាខាងមុននេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានដាក់ចេញនូវមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” សម្រាប់កិច្ចប្រជុំកំពូលលើកនេះ។ មូលបទនេះផ្តោតសំខាន់លើការរួមបញ្ចូលគ្នានៃទស្សនៈសំខាន់ៗចំនួនបួនគឺ ពហុភាគីនិយម កំណើនការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលនឹងរួមចំណែកពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប ដើម្បីធានាថា ពហុភាគីនិយមនាំមកនូវកំណើនប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួម។
ឯកឧត្តម មានប្រសាសន៍ថា ការចូលរួមជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌នោះឡើយ ខណៈASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការ ដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប ជារួម ប្រទេសដៃគូ ASEM តំណាងឱ្យ៦៥%នៃសេដ្ឋកិច្ចពិភពលោក ៦០%នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។
សំឡេង៖ ហេតុដូច្នេះហើយបានជាប្រទេសកម្ពុជាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវេទិកាASEM នេះ។ ចាប់តាំងពីឆ្នាំ ២០០៤ ជាឆ្នាំដែលយើងបានក្លាយជាដៃគូរបស់ ASEM យើងបានចូលរួមចំណែកយ៉ាងសកម្មលើសសរស្តម្ភទាំងអស់ដែលបានដាក់ចេញដោយកិច្ចប្រជុំ ASEM ដើម្បីធ្វើឱ្យវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ីនិងអឺរ៉ុបនេះកាន់តែប្រកបដោយថាមវ័ន្ត។ ក្នុងនាមជារដ្ឋតូច ប៉ុន្តែអធិបតេយ្យដូចគេឯង យើងផ្ដល់តម្លៃខ្ពស់ចំពោះគោលការណ៍ស្នូលនៃភាពមិនផ្លូវការ ការបត់បែននិងការគោរពគ្នាទៅវិញទៅមកក្នុងស្មារតីនៃកុងសង់ស៊ីស និងភាពជាដៃគូ ស្មើភាពគ្នា។
សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រឹត្តិការណ៍ទាំងអស់នោះរួមមាន៨ធំៗ នោះគឺ ១)កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ២)វេទិកាធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ៣)កិច្ចប្រជុំ កំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ៤)កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប ៥)វេទិកាការងារអាស៊ី-អឺរ៉ុប ៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង ៧)មហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប និង ៨) វេទិកាស្តីពីស្រ្តីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕