​កម្ពុជាក្នុង​នាម​ជាម្ចាស់​ផ្ទះនៃកិច្ច​ប្រជុំ​កំពូល​អាស៊ី​​-អឺរ៉ុប​លើក​ទី​១៣​​នឹង​រៀបចំព្រឹត្តិ​ការណ៍អម​ផ្សេង​ៗ​ជា​ច្រើន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — កម្ពុជាក្នុង​នាម​ជាម្ចាស់​ផ្ទះនៃកិច្ច​ប្រជុំ​កំពូល​អាស៊ី​​-អឺរ៉ុប​លើក​ទី​១៣​នឹង​រៀបចំព្រឹត្តិ​ការណ៍អម​ផ្សេងៗជាច្រើន​ពេញ​មួយ​ឆ្នាំតែម្តង​។ កម្ពុជាបាន​ដា​ក់​ចេ​ញ​​​នូវ​មូល​​បទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើ​នរួ​ម​គ្នា​” សម្រាប់​កិច្ចប្រជុំកំពូលលើក​​​នេះ​។ មូ​ល​​ប​ទនេះផ្តោតសំខាន់លើការ​រួម​បញ្ចូល​គ្នា​នៃ​​ទ​ស្ស​នៈសំខាន់ៗចំនួន​បួនគឺ ពហុភាគី និ​យ​ម​ កំ​ណើ​​​​នការអភិវឌ្ឍប្រកបដោយចីរភាព និ​ង​វិបុលភាព ដែលនឹង​រួមចំណែ​ក​ព​ង្រឹ​ងភា​ព ជា​ដៃ​គូ​​អា​​ស៊ី​-​អឺ​រ៉ុ​ប​ ដើម្បីធានាថា ពហុ​ភា​គី​និ​យមនាំមកនូវកំណើនប្រកប​ដោយ​បរិយាប័ន្ន និង វិបុលភាពរួម។

ឯក​ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ​ប្រតិប​ត្តិ​កា​​រ​អ​​​ន្ត​រ​ជា​តិក្នុងឱកាសអបអរសាទរទិវា“ASEM DAY”ស្តីពី​ ”កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ច​ប្រជុំ​​កំពូ​​ល​អាស៊ី-អឺរ៉ុប​លើកទី១៣ ឆ្នាំ​២០២០” ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹថ្ងៃទី១០ ខែមីនា ឆ្នាំ​២​០២​០នេះ នៅ​ទីធ្លាមុខ​វត្ត​បុ​ទុមវ​ត្តី រា​​ជ​ធា​នី​ភ្នំពេញបានឱ្យ ដឹងថា សម្រាប់កិច្ច​ប្រជុំ​កំពូល​អាស៊ី​​-អឺរ៉ុប​លើក​ទី​១៣ ចុងឆ្នាំនេះ ​កម្ពុ​​ជា​នឹ​ង​​​​​រៀ​ប​ចំ​​​ព្រឹត្តិ​កា​រណ៍​  អ​ម​​​ផ្សេងៗ ​រួម​មាន​ ៨ធំៗ​ នោះគឺ ​​១-កិ​ច្ចប្រជុំភា​ព​ជាដៃ​គូស​ភាអា​ស៊ី-អឺរ៉ុប។ ២-វេ​ទិកា​ធុ​រកិច្ចនិង​សេដ្ឋកិច្ច​​អាស៊ី-អឺរ៉ុប។ ៣-កិច្ចប្រជុំកំពូលនៃអ្នក​ដឹកនាំវ័យ​ក្មេង​រ​ប​ស់​មូល​និ​ធិ​អាស៊ី-អឺរ៉ុប។ ៤​-​​កិច្ច​​​ពិភាក្សា​តុមូលអ្នកនិពន្ធ​​​នៃ​មូល​និធិ​អាស៊ី-អឺរ៉ុប។ ៥-វេទិកាការងារអាស៊ី-អឺរ៉ុប ។​ ៦-​វេ​​ទិកា​ប្រ​ជាជ​ន​​អាស៊ី-អឺរ៉ុប ។ ៧-មហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប ។ ៨-វេទិកាស្តី​ពី​ស្រ្តី ​ក្នុងការ​រក្សា​​សន្តិ​ភា​ព ​​និង​សន្តិសុខ​។

ឯក​ឧត្តម ឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ការប្រារព្ធទិវា ASEM Day ថ្ងៃនេះ គឺជា​ការ​បង្ហាញពី​ការត្រៀមខ្លួន និងការប្តេជ្ញាចិត្តខ្ពស់បំផុត​​របស់​កម្ពុជា ក្នុងការធ្វើ​ជាម្ចា​ស់ផ្ទះរៀប​ចំ​កិ​ច្ច​ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ។ ក្រៅ​ពី​គោល​បំណង​​លើកក​ម្ពស់ការ​យល់ដឹង​ពី​​សារៈ​សំខាន់​របស់ ​ASEM និងព្រឹត្តិការណ៍ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ ASEM ដែល​កម្ពុជា​រៀប​ចំធ្វើ​ក្នុង​ឆ្នាំ នេះ ព្រឹត្តិការណ៍​នេះ គឺពាក់​ព័ន្ធជា​ពិសេស​ដល់​​យុវជនយើង​។ «យុវជន ​គឺ​ជាអនាគត​របស់​យើង៖ កាល​ណា​ពួក​គេ​ចាប់​បាន​ឱកាស​​នៃភាព​ជាដៃគូ​អា​ស៊ី​-អឺរ៉ុបនេះកាន់​តែឆាប់​ នោះ​ពួកគេ​នឹង​ត្រៀម​ខ្លួន​កា​ន់​​តែ​ប្រសើរ​ដើម្បី​ធានានូវ​អនា​គត​ដ៏​វែងឆ្ងាយ​របស់​ពួកគេ ​ដែលទៅហួសពី ព្រំដែន​កម្ពុជា​ទៅ​ទៀត​។ ​ដូច​ខ្ញុំបាន​លើក​ឡើ​ង​ពី​ខាង​ដើម កម្ពុជា​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​​​អ្នកដឹក​នាំ​វ័​យក្មេង ដែល​​​ផ្ដល់​មក​នូវកា​លា​នុ​វត្តភាពដ៏​​ល្អប្រសើរដល់យុវជន​ ដើម្បី​បង្កើតអន្តរ​កម្ម​ដោយ​ផ្ទាល់ ​​ជាមួយ​ថ្នាក់​ដឹក​នាំ​ន​យោ​​​បាយមក​ពី​ទ្វីប​អាស៊ី និង​អឺរ៉ុបនៅ​ក្នុង​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់បំផុត»។

ឯក​ឧត្តម ប្រាក់ សុខុន បានសម្ដែងការកោតសរសើរដល់អ្នករៀបចំ និងក្រសួង/​ស្ថាប័ន​ពា​ក់​ព័ន្ធទាំងអស់ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការពិត និងប្រព្រឹត្តទៅបានដោយ​ជោគ ជ័យ។ ការ​លះបង់ផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នា​សម្រាប់ព្រឹត្តិ​ការ​ណ៍​នេះ​ដែ​ល​​បាន​ផ្សព្វផ្សាយ​តាម​ប​ណ្តា​​​ញ​សារព័ត៌មាននានា បាន​បំពេញបំណង​ប្រាថ្នា​រប​ស់​ប្រ​ជាជាតិយើងទាំងមូល ហើយ​​ល​ទ្ធ​ផ​​​ល​​ទទួល​បាន​ពី​ការ​លះបង់​នេះ គឺនឹង​​​ជួយ​លើកស្ទួយកិត្យានុភាពរបស់ប្រទេ​ស​   ក​ម្ពុ​ជា​នៅ​លើ​ឆា​ក​អន្តរជាតិ​ និងការ​ពង្រឹង​​តួនាទី​របស់ ​ASEM ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរឡើងវិញ​នូវ​​​​ប្រ​ព័​ន្ធ​ពហុ​ភាគី​និ​យ​​ម។

ឯក​ឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរទិវា “ASEM Day”​ នៅ​ឆ្នាំ​នេះពិ​តជា​​ពិ​សេ​​​ស និង​វិសេស​វិសាល​បំផុត​សម្រាប់កម្ពុជា ពីព្រោះ​ព្រះរាជា ណាចក្រកម្ពុជា​យើង​នឹងធ្វើជា​ម្ចា​ស់​​​​​ផ្ទះ​​​​រៀប​ចំ​​កិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) នៅរាជ​ធានី​ភ្នំពេញនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២០។ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយ​ក​រដ្ឋ​ម​ន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​បានថ្លែងក្នុង​ពិធីប្រ​កា​ស​ជា​ផ្លូវ​កា​រ នៃ​ការ​ធ្វើជា​ម្ចាស់​ផ្ទះរៀ​ប​ចំ​​កិច្ច​ប្រ​​ជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ កាល​ពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ២០២០ ថា “កិច្ចប្រ​ជុំកំ​ពូល​អាស៊ី-អឺរ៉ុប លើកទី១៣ ​នឹងក្លា​យទៅជាព្រឹ​ត្តិ​​កា​រណ៍ដ៏ធំបំផុត ក្នុង ប្រវត្តិសាស្ត្រកា​រទូត​រប​ស់ប្រ​ទេ​ស​កម្ពុជា ហើយ​ការធ្វើជាម្ចាស់​ផ្ទះ​កិ​​​ច្ចប្រជុំកំពូលនេះគឺជាកាលា នុវត្តភាព​ដ៏ល្អបំផុតសម្រាប់កម្ពុជា ដើ​ម្បីប​ញ្ជាក់​ពីកា​រ​ប្តេ​ជ្ញា​​ចិ​ត្តកម្រិត​ខ្ពស់បំផុតរបស់យើង ​ក្នុង ការពង្រឹងប្រព័ន្ធពហុភាគីនិយម ក៏ដូ​ច​ជា ការចូ​ល​រួ​មចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បី​ដោះស្រាយបញ្ហាប្រឈមសកល និងស្វែង​រក​កាលានុវត្តភាពនានា ដើម្បី​ធ្វើឱ្យសេដ្ឋកិច្ចពិភព លោកមានភាពរស់រវើកឡើងវិញ”៕

ដោយ គង់ សិរីរ័ត្ន