អភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវនៅក្នុងសង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាម ក្រុងសៀមរាប

(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវនៅក្នុងសង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ មានវត្តមានអមដំណើរក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត លោកគី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីបច្ចេកទេស មន្ត្រីពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរសង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាម ។

ក្នុងការចុះត្រួតពិនិត្យនាពេលនោះក្រុមការងារដែលដឹកនាំដោយអភិបាលខេត្ត មានគោលបំណងសិក្សាវាយតម្លៃ ទៅសណ្ឋានផ្លូវ ទំរង់ផ្លូវ ទំហំផ្លូវ ការរៀបចំប្រព័ន្ធលូ ដាឡូ រឺហ្គា និងលក្ខណ:បច្ចេកទេសមួយចំនួនទៀត ឲ្យសមស្របទៅនឹងសោភ័ណភាពនៃផ្លូវក្នុងក្រុង ដែលកំពុងសាងសង់ និងបានសាងសង់ជិតរួចមួយចំនួនហើយ ដើម្បីឱ្យដឹងថាក្រោយពីការសាងសង់រួចហើយនៅរដូវវស្សាខាងមុខនឹងមិនមានទឹកដក់ឬទឹកជំនន់កើតឡើងទៀតឡើយ កំណាត់ផ្លូវទាំងនោះរួមមាន ÷ កំណាត់ផ្លូវវាងក្រុង និងផ្លូវសម្ដេចជា សុីម គឺកំពុងដំណើរការសាងសង់ រីឯកំណាត់ផ្លូវបេតុង ក្រោយផ្សារលើធំថ្មី (ផ្លូវតាអុច ) និងកំណាត់ផ្លូវហៃវិនសាងសង់ជិតរួចរាល់ហើយ ។ ទន្ទឹមគ្នានោះដែរក៏នៅមានផ្លូវជាច្រើនខ្សែទៀតកំពុងតែសិក្សា និងឈូសឆាយ ដើម្បីធ្វើការសាងសង់ក្នុងពេលបន្តបន្ទាប់ខាងមុខនេះ ។

ឯកឧត្តម ទៀ សីហា បានថ្លែងប្រាប់អ្នកសាព័ត៌មានថា ខណ:ដែលស្ថានភាពភ្ញៀវទេសចរមកទស្សនានៅខេត្តសៀមរាប មានការថយចុះ អាជ្ញាធរខេត្ត បាននឹងកំពុងតែបង្កើនការងារអភិវឌ្ឍន៍ជាច្រើនកន្លែងនៅក្នុងខេត្ត ក្នុងនោះមានផ្លូវចំនួន១០១ខ្សែ នៅក្នុងក្រុងសៀមរាបបានកំពុងស្ថាបនា កំពុងឈួសឆាយ និងជួសជុល ផ្លូវប្រភេទចាក់បេតុង ផ្លូវក្រាលកៅស៊ូDBST, ផ្លូវក្រាលកៅស៊ូបេទីមីន័រ និងផ្លូវក្រាលគ្រួសក្រហម ៕

អត្ថបទ និងរូបភាព: លោកឃុត សៅ
កែសម្រួលដោយ លីវ សុខុន