ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ បញ្ជាក់ថា ដើម្បីថែរក្សាសមិទ្ធិផលនានាដែលបានកកើតឡើង និងបន្តកសាង គន្លឹះធំបំផុតត្រូវ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

(ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានប្រសាសន៍លើកឡើងថា ដើម្បីថែរក្សាសមិទ្ធិផលនានាយ៉ាងច្រើន សន្ធឹកសន្ធាប់ដែលបានកកើតឡើង ទូទាំងប្រទេសជាក់ស្ដែងនៅក្នុងខេត្តត្បូងឃ្មុំនេះ គន្លឹះធំបំផុត គឺត្រូវគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់ថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជននេះគឺយើងអាចរក្សា បានសុខសន្តិភាពផង និងរក្សាបាន សមិទ្ធិផលជាអមតៈ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ដូចជាថែរក្សា នូវ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ថ្លែងបែបនេះ ក្នុងឱកាសតំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធិផលនានា ក្នុងវត្តព្រះពន្លៃ ហៅវត្តពន្លៃ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែមីនាឆ្នាំ២០២០។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ប្រតិភូជាន់ខ្ពស់ ក្រសួងដែនដី, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំ រួមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសំណូមពរដល់លោកគ្រូអ្នកគ្រូ ត្រូវបង្ហាត់បង្រៀនកូនសិស្សឱ្យយល់ដឹង អំពីរបៀបសំពះទាំង៥យ៉ាងរបស់ខ្មែរ ឱ្យបានត្រឹមត្រូវនឹងអនុវត្តន៍ជាប្រចាំ ទាំងនៅ សាលារៀន នៅផ្ទះ នៅទីវត្តអារាម និងនៅទីសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យដើរតាម និងជឿជាក់លើការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសកុំភិតភ័យខ្លាំងពេកអំពីសេដ្ឋកិច្ចជាតិក៏ដូចជាជំងឺcovid-19នេះ ដោយប្រគល់ការងារនេះទុកឱ្យសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការដោះស្រាយ ហើយសូមឱ្យជំងឺនេះវិនាសខ្ចាត់ខ្ចាយ បាត់អំពីទឹកដីមាតុភូមិកម្ពុជារបស់យើង និងបាត់ផុតរលត់ចេញពីពិភពលោកនេះ ទៅ។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានបានអានរបាយការណ៍ ដំណើរនៃការចាប់ផ្តើមកសាងវត្តពន្លៃ និងរហូតដល់បច្ចុប្បន្ននេះ ដែលសមិទ្ធផលជាច្រើនបានកសាងឡើង ដោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ចំណាយថវិការអស់ ១៤៦,០៨៥ដុល្លារអាមេរិក ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បាននាំយកថវិកា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ទៅប្រគេនគណៈកម្មការ និងព្រះចៅ អធិការវត្តពន្លៃ ទុកសំរាប់បង្រ្គប់ថ្លៃ ជាងសាងសង់ និងកសាងបន្តចំនួន១៥,៧៧៧ដុល្លារ ព្រមទាំងចែកជូននូវក្រណាត់ស សារ៉ុង សម្ភារសិក្សា និងថវិកាដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងសិស្សានុសិស្ស ដែលបានចូលរួម នាឱកាសនោះផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ