ឧត្តមសេនីយ៍ទោ ឯម កុសល៖ បេក្ខនារីដែលប្រឡងជាប់ជាមន្ត្រីក្របខណ្ឌនគរបាលជាតិខេត្តកំពង់ចាម មានចំនួន ៤៥ភាគរយនៃបេក្ខជន

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍ថា ក្នុងរយៈពេលដែលលោក កាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ចាម លោកបានសង្កេតឃើញថា បេក្ខនារីបានដាក់ពាក្យប្រលងចូលជាមន្ត្រីនគរបាលជាតិ មានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ រហូតមកដល់បច្ចុប្បន្ននេះ បេក្ខនារី ដែលប្រឡងជាប់ជាមន្ត្រីនគរបាលជាតិ មានចំនួនរហូតដល់ទៅ ៤៥ ភាគរយជិតស្មើ នឹងបេក្ខជនដែរ ។

លោកឧត្តមសេនីយ៍ទោស្នងការបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ ក្នុងពេលប្រារព្ធពិធី ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទមានសុខសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ដែលត្រូវធ្វើនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតី ភាព លោកស្រី ញូង ចរិយា ប្រធានកិត្តិយស សមាគមនារីខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានមានប្រសាសន៍បន្តថា វាជាមោទនភាពមួយ ក្នុងការលើកកម្ពស់ សមភាពយេន ឌ័រ ដែលមានបេក្ខនារីចូលរួម ប្រលងជាប់បានច្រើនជាមន្ត្រីនគរបាលជាតិ ។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទទួលបានមន្ត្រីក្របខ័ណ្ឌថ្មីចំនួន ១០០ នាក់ក្នុងនោះស្ត្រី ៣៥ នាក់ ។ សម្រាប់ការតែងតាំងមុខតំណែងនិងដំឡើងឋានន្តរសក្កិ អង្គភាពនគរបាលបានចាត់តាំងមានមុខតំណែង ៤៦នាក់ និងការដំឡើងឋានន្តរស័ក្កិរហូតដល់ ១៣៩នាក់ ។ ស្របជាមួយគ្នានេះ អង្គភាពស្នងការនគរបាលខេត្តកំពង់ចាមកំពុងជំរុញឲ្យមានសមាសភាពនារី មានឋានៈជាថ្នាក់ ដឹកនាំតាមការិយាល័យជំនាញ និងតាមបណ្ដាអធិការរដ្ឋាននគរបាលស្រុក-ក្រុង ជាអធិការរង ឬជា មេប៉ុស្តិ៍រដ្ឋបាល នាពេលខាងមុខ ។

ក្នុងការសំណេះសំណាលជាមួយមន្ត្រីនគរបាលក្នុងឱកាសទិវាសិទ្ធិនារី ៨មិនានោះ អភិបាលរងខេត្តកំពង់ចាមលោកស្រី ប៉ាង ដានី បានថ្លែងរំលឹកដល់សមត្ថកិច្ច សូមឱ្យខិតខំបន្ថែមទៀតទាក់ទងទៅនឹង ការងារបំបាត់អំពើហិង្សា ដែលមានបួនប្រភេទ *១ អំពើហិង្សាផ្លូវកាយ *២ អំពើហិង្សាផ្លូវចិត្ត *៣ អំពើហិង្សាផ្លូវភេទ *៤ អំពើហឹង្សាទាក់ទងទៅនឹងសេដ្ឋកិច្ច។

ទាក់ទិនទៅនឹងអំពើហិង្សាខាងលើនោះ លោកស្រី អភិបាលរងខេត្តបានលើក ឡើងថា ក្នុងឆ្នាំ ២០២០ ថ្មីៗនេះ មានករណីរំលោភសេពសន្ទវៈទៅលើក្មេងស្រីអនីតិជន កើតឡើងនៅស្រុកបាធាយ ដែលធ្វើឲ្យក្មេងស្រីអាយុ ១០ឆ្នាំនោះ កើតនូវជំងឺភ័យខ្លាច បាក់ស្បាតដោយសារតែការរំលោភលើរាងកាយរបស់នាង ។ ដោយឡែកមួយករណីទៀតគឺបុរសវ័យអាយុ ៦៨ ឆ្នាំបានចាប់ក្មេងស្រីសិស្ស សាលា នៅក្នុងបន្ទប់ទឹក បំរ៉ុងរំលោភសេពសន្ទវៈ ក៏ប៉ុន្តែមិនបានសម្រេចដោយសារក្មេងស្រីរើបម្រះរួច ។

លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា ការលើកឡើងនូវអំពើហិង្សានេះលោកស្រី មានចេតនាអំពាវនាវ មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋាន សូមជួយមានវិធានការ ដើម្បីទប់ស្កាត់ នៅរាល់អំពើហិង្សា ជាពិសេសអំពើហិង្សាទៅលើផ្លូវភេទក្នុងខេត្តកំពង់ចាម ។ ហើយករណី នេះក៏ជាប្រធានបទមួយដែលក្រសួងកិច្ច ការនារីបានលើក ឡើងនៅក្នុងឆ្នាំ ២០២០ នេះដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម