ប្រទេសកម្ពុជានឹងរៀបចំវេទិកាASEM Day នៅថ្ងៃស្អែកនេះ នៅមុខវត្តបុទុមវតីរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ ប៉ុង សុភាវី
MC៖ ប្រទេសកម្ពុជានឹងរៀបចំវេទិកាASEM Day នៅថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ស្អែកនេះ នៅបរិវេណខាងមុខវត្តបុទុមវតី រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅចុងឆ្នាំ២០២០ខាងមុខ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី៩ខែមីនានេះ បានអោយដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំវេទិការនេះ ក្នុងគោលបំណងផ្សព្វផ្សាយជូនសាធារណជាតិ និងអន្តរជាតិ បានយល់ដឹងពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM ១៣) ឆ្នាំ២០២០ និងពាក់ព័ន្ធ ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ខាងមុខ។
ព្រឹត្តិការណ៍ក្រៅពីកិច្ចប្រជុំ ASEM ១៣ ឆ្នាំ២០២០នេះមានដូចជា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប, កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប, វេទិការប្រជាជនអាស៊ី-អឺរ៉ុប,បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប, ទិវាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប, វេទិកាការងារអាស៊ីអឺរ៉ុប,កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ASEM Day នេះបានប្រកាសបើកទូលាយ អោយតំណាងស្ថាប័នពាក់ព័ន្ធ, ស្ថានទូតប្រចាំនៅកម្ពុជា សិស្ស និស្សិត និងសាធារណជនចូលទស្សនា ដើម្បីស្វែងយល់អំពីព្រឹត្តិការណ៍នេះ នឹងបានទស្សនាស្តង់ពិព័រណ៍ ការសម្ដែងសៀក ការថតរូប និងសុំហត្ថលេខាជាមួយកីឡាករឆ្នើម និងការសម្តែងតន្ត្រីផងដែរ៕