សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះខណ្ឌសីមា និងសមិទ្ធផលនានា ក្នុងវត្តស្នាយសរ ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ៩ ខែមិនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្ត ស្នាយសរ ស្ថិតនៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សមិទ្ធផលដែលត្រូវដាក់សម្ពោធនាពេលនេះ ព្រះវិហារ ១ខ្នង ដែលមានបណ្ដោយ ២៨ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ និងកម្ពស់ ២២.៥ ម៉ែត្រ ដែលចាប់ផ្ដើមសាងសង់នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៥ នឹងសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រើរយៈពេលសាងសង់ចំនួន ៥ ឆ្នាំ ដោយចំណាយថវិកាសាងសង់អស់ចំនួន ៣៤៤,៩៤៤ ដុល្លា (បីរយសែសិបបួនពាន់ ប្រាំបួនរយសែសិបបួនពាន់ ដុល្លា) នៅជំពាក់ជាងចំនួន ៤៥,១៧៤ ដុល្លា(បួនម៉ីនប្រាំពាន់ មួយរយចិតសិបបួន ដុល្លា)។

ក្នុងនោះដែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអនាចក្រ។

សម្តេចក៏បានបន្តទៀតថា ទាំងនេះគឺជាសមិទ្ធផលមួយដ៏ធំធេង ដើម្បីទុកតម្កល់ក្នុងព្រះពុទ្ធសាសនាសម្រាប់ ជាទីសក្ការៈគោរពបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយនិងប្រជាពលរដ្ឋដែលនៅក្នុងស្រុកកំពង់ត្របែកទាំងមូល។ ហើយវត្តអារ៉ាមមិនត្រឹមតែជាទីគោរពសក្ការៈនោះទេ តែជាថ្នាលបណ្តុះចំណេះដឹង បញ្ញាញាណ តំលៃសីលធម៌ ស្មារតីសាមគ្គីនិងចែករំលែក។ វត្តអារ៉ាមជាច្រើន បានផ្តល់ទីតាំងសាលារៀន កន្លែងផ្តល់សេវាសុខាភិបាល មណ្ឌលក្មេងកំព្រា មនុស្ស អនាថាគ្មានទីពឹង និងជាទីកន្លែងជួយអប់រំកែប្រែ ដល់អ្នកញៀនគ្រឿងញៀន ជាដើម ។

សម្តេច ផ្តាំផ្ញើដល់បងប្អូនពុទ្ធបរិស័ទចូលរួមថែទាំសមិទ្ធផល ទ្រព្យសម្បត្តិ និងសំណង់នានាជា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដែលមាននៅក្នុងវត្តអារាមអោយបានគង់វង្ស និងរក្សាបាន នូវសោភ័ណ្ឌភាពល្អស្អាតជានិច្ច ហើយចាត់ទុកសមិទ្ធផលទាំងអស់នេះជាសម្បត្តិ ដ៏ថ្លៃថ្លារបស់បងប្អូន។ ជាមួយគ្នានេះ យើងគប្បីធ្វើអនាម័យសម្អាតទីធ្លាក្នុងវត្ត អោយបាន ល្អប្រសើរឲ្យក្លាយជារមណីយដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវ ទេសចរណ៍អ្នកស្រាវជ្រាវទាំងឡាយមកទស្សនាកំសាន្ត និងទាក់ទាញ ពុទ្ធបរិស័ទជិតឆ្ងាយមកគោរពបូជាកាន់តែច្រើនឡើង។

នៅក្នុងឱកាសនោះដែរ សម្ដេចក៏បានចេញថ្លៃជំពាក់ជាងទាំងអស់ នឹងបានប្រគេន វត្តចុងក្រូច បច្ច័យចំនួន ២៥លានរៀល និង៥ពាន់ដុល្លា ប្រគេនវត្តក្រាំង ពិសី បច្ច័យចំនួន ២៥ លានរៀល និង ៥ពាន់ដុល្លា បច្ច័យចូលបុណ្យឫសសីមាទាំង ៨ ទិស ២០ ម៉ឺនរៀល ទិសឥន្ទកិល ៣០ ម៉ឺនរៀល ឧបត្ថម្ភសាលាស្រុកពារាំងថវិកាចំនួន ១ លានរៀល ឧបត្ថម្ភគ្រូពេទ្យចំនួន ១៥ នាក់ក្នុងម្នាក់ៗទទួលបាន ២ ម៉ឺនរៀល ឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន ៧០ ក្នុងម្នាក់ៗ ២ម៉ឺនរៀល យុវជន.ស.ស.យ.ក.ចំនួន ១០០ នាក់ យុវជនកាបាទក្រហមចំនួន ១០០ នាក់ យុវជនកាយរិទ្ធចំនួន ១០០ នាក់ ក្នុងម្នាក់ៗទទួលបាន ១ ម៉ឺនរៀល សិស្សានុសិស្សចំនួន ២៣៨ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ ដើមថវិកា ៥ពាន់រៀល ឧបត្ថម្ភជូនយាយជី តាជី ចំនួន ១០០ នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល សម្ដេចក៏បានអញ្ជើញកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នោះផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង