ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំស្ត្រីទូទាំងក្រសួងមកប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១០៩ នៅខេត្តសៀមរាប !

(សៀមរាប)៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី (៨មីនា) នៅខេត្តសៀមរាប គឺ១ថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាល បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដោយប្រកាសថា បានរកឃើញអ្នកផ្ទុកវីរុស កូវីដ -១៩ លើបុរសកម្ពុជាម្នាក់នៅខេត្តសៀមរាបនេះ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងថា ការរៀបចំកម្មវិធីនេះ គឺជាកម្មវិធីគ្រោងទុកមួយ ក៏ប៉ុន្តែមិនបានលុបចោលវិញនោះទេ នៅពេលដែល កូវីត-១៩ វត្តមាននៅលើបុរសកម្ពុជាម្នាក់នោះ ដែលនេះ គឺជាសារនយោបាយមួយ បង្ហាញអំពីជំនឿទុកចិត្ត លើចំណាត់ការរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិការទប់ស្កាត់ កូវីត-១៩ នៃក្រសួងសុខាភិបាលកម្ពុជា ជាមួយនឹងកិច្ចគាំទ្រសហការពីសំណាក់អង្គការសុខភាពពិភពលោក។

ឯកឧត្តម មានប្រសាសន៍ថា ក្នុងស្ថានភាពនៃការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុស កូវីដ-១៩ ចាំបាច់ណាស់ គឺត្រូវពឹងផ្អែកលើតួនាទីរបស់នារីជាកូនច្បងក្នុងគ្រួសារ និងតួនាទីស្រ្តីជាមេផ្ទះ ដែលត្រូវមើលថែ ចាត់ចែងក្នុងគ្រួសារ ទាំងការហូបចុក ការធ្វើអនាម័យ ជាដើម។ល។ ដែលទាំងនោះគឺជាការអនុវត្តវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការផ្សព្វផ្សាយដោយស្ថាប័នជំនាញ ពិសេស ក្រសួងសុខាភិបាល។ ឯកឧត្តម សង្កត់ធ្ងន់ថា ( អនុវត្តការចូលរួមទប់ស្កាត់វីរុស កូវីដ-១៩ ដោយផ្តើមចេញពីប្រជាពលរដ្ឋម្នាក់ គ្រួសារមួយ នោះទើបសង្គមជាតិចៀសផុតពីការព្រួយបារម្ភ និងចៀសផុតពីជម្ងឺភ័យខ្លាច )។

ក៏ជាការចែករំលែកក្នុងទិវាអន្តរជាតិនារីនោះផងដែរ ឯកឧត្តមបង្ហាញថា សុភមង្គលក្នុងគ្រួសារ គឺបានមកពីការកសាងរួមគ្នារវាងស្វាមី និងភិយា។ មិនមានមនុស្សណាល្អឥតខ្ចោះនោះទេ សំខាន់ត្រូវតែព្យាយាមលុបបំបាត់ឲ្យបាន ការមើលឃើញតែចំណុចអវិជ្ជមានរបស់មនុស្សជាដៃគូ ជាងនេះគឺត្រូវយល់ និងទទួលស្គាល់អំពីតម្លៃរបស់ស្រ្តី និងយេនឌ័រ។ ការបែកបាក់គ្រួសារ គ្មានពេលវេលាសម្រាប់កសាងសុភមង្គលគ្រួសារ បំរើភារកិច្ចការអង្គភាពរបស់ខ្លួន និងចូលរួមក្នុងចលនាសង្គមនោះទេ ។ ទិវាអន្តរជាតិនារី ខួបលើកទី១០៩ នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តគាំទ្រនូវសកម្មភាពដ៏ប្រពៃរបស់នារីរតន: ដែលស្ត្រីគ្រប់រូបបានបំពេញតួនាទីដ៏មានសារ:សំខាន់ក្នុងការចូលរួមក្នុងវិស័យនយោបាយ និងសង្គមផ្សេងៗ ដែលអាចនិយាយបានថាស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងប្រទេសជាតិ ៕

អត្ថបទ និងរូបភាព: លោកងិន គិមឡេង
កែសម្រួលដោយ លីវ សុខុន