រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីការចាត់វិធានការបង្ការ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជុំវិញបាតុភាពឆ្លងជំងឺកូវីដ – ១៩ នៅក្នុងខេត្តសៀមរាប

(សៀមរាប)៖ កិច្ចប្រជុំនេះធ្វើឡើង នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត នាយកទីចាត់ការសាលាខេត្ត តំណាងពាណិជ្ជករ អាជីវករ តំណាងធនាគាររដ្ឋ និងឯកជន និងអ្នកពាក់ព័ន្ធក្នុងខេត្តច្រើននាក់ បានចូលរួម ។

នៅក្នុងកិច្ចប្រជុំនេះដែរមានគោលបំណងផ្តោតសំខាន់ លើកយកករណីជំងឺឆ្លងផ្លូវដង្ហើមកូវីដ -១៩ (Covid- 19) ធ្វើឲ្យមានការប៉ះពាល់ដល់ជីវិតមនុស្សមនុស្ស និងការរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ។ អង្គប្រជុំក៏បានប្រមូលធាតុចូលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងកិច្ចដំណើរការធ្វើអាជីវកម្មគ្រប់វិស័យរបស់ប្រតិបត្តិករ និងអ្នកពាក់ព័ន្ធលើកឡើងដែលជួយទ្រទ្រង់ក្នុងពេលជួបបញ្ហាអត់មានភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដើម្បីធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលធ្កក្នុងការដោះស្រាយនាពេលខាងមុខ ។ បញ្ហាទាំងអស់នោះរួមមាន: ប្រាក់កម្ចីធនាគាររដ្ឋ និងឯកជន, បញ្ហាទិញលក់ដីឡូតិ៍ត្រូវបង់រំលោះ,បញ្ហាសុំបញ្ចុះតម្លៃ និងពន្យារពេលបងថ្លៃអគ្គិសនី នឹងបញ្ហាបង់ពន្ធលើវិស័យផ្សេងៗក្រៅពីវិធានការរបស់រដ្ឋាភិបាលបានកំណត់នៅក្នុងចំណុចទាំង៧ចំណុច ។ បញ្ហាទាំងអស់ខាងលើគឺជាក្តីកង្វល់របស់ប្រតិបត្តិករ អាជីវករ ដែលជានិយោជក និយោជិត និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប កំពុងតែជួបប្រទះ ។

មុននឹងបញ្ចប់អង្គប្រជុំឯកឧត្តម ទៀ សីហា បានជម្រាបជូនអំពីព័ត៌មានដ៏រីករាយដែលក្រុមគ្រួសារជនរងគ្រោះមានផ្ទុកមេរោគកូវីដ- ១៩ នោះ មិនមានឆ្លងមេរោគផ្លូវដង្ហើមកូវីដ- ១៩ ឡើយ បន្ទាប់ពីលទ្ធផលធ្វើសំណាកនៅវិទ្យាស្ថានប៉ាស្ទ័ររួចមក ក៏ប៉ុន្តែអ្នកទាំងនោះត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដូចគ្នាដែរ ៕

រូបភាព: មន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប