ក្រុមការងារ​ ស.ស.យ.ក​ ខេត្តមណ្ឌលគិរី នាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦៦គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក

(មណ្ឌលគិរី)៖ ដើម្បីចូលរួមជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃ នៃទិវាអន្តរជាតិនារី ៨មីនា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.កខេត្ត រួមទាំងសមាជិក សមាជិក ក្រុមការងារស.ស.យ.កស្រុក និងលោកស្រី ថុង សុថេត អាជីវករនៅផ្សារសែនមនោរម្យ បាននាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦៦គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក។លោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.កខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ដែលជានិច្ចកាល លោកតែងតែណែនាំដល់សមាជិកទាំងអស់ ត្រូវយកចិត្តទុកដាក់ និងគិតគូពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក បញ្ជាក់ថា អំណោយដែលចែកជូនពលរដ្ឋខ្វះខាតនាពេលនេះ គឺជាការចូលរួមពីលោកប្រធាន ស.ស.យ.កខេត្ត រួមទាំងសមាជិក សមាជិកា និងសប្បុរសជន ក្នុងការចូលរួមចំណែកដោះស្រាយនូវការខ្វះខាតបានមួយរយៈពេលខ្លី។លោក ណយ ច័ន្ទតារា ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវចូលរួមបង្ការទប់ស្កាត់ ការចម្លងជំងឺកូវីដ ១៩ ដោយត្រូវលាងដៃឱ្យបានញឹកញ៉ាប់ជាមួយសាប៊ូ ឫទឹកស្អាត ឫទឹកអាល់កុលលាងដៃ និងត្រូវបរិភោគអាហារឆ្អិនល្អ។ សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦៦គ្រួសារនោះ រួមមាន៖ ក្នុង១គ្រួសារទទួលបានអង្ករ សារ៉ុង១ និងថវិកា១ម៉ឺនរៀល ដោយឡែក គ្រួសារភ្លើងឆេះផ្ទះចំនួន ៤គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ សារ៉ុង១ ថវិកាចំនួន ២០ម៉ឺនរៀល និងផ្តល់បន្ថែមដល់ក្មេងកំព្រាចំនួន ១នាក់ ទទួលបានថវិកា ១០ម៉ឺនរៀល ជនចាសជរា ១នាក់ ទទួលបានថវិកា ១០ម៉ឺនរៀល និងបានឧបត្ថម្ភដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរយ៉ចំនួនថវិកា ២០ម៉ឺនរៀលផងដែរ៕​ សម្រួល៖​ សុភាព