មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្ត្រីដែលជាកម្លាំងចលករមួយចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅសាលាឃុំកំពង់ហៅ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានវត្តមានអ្នកចូលរួម ៣៧នាក់ ស្ត្រី៩នាក់។

ឯកឧត្តម កែវ ពៅ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ការរៀបចំទិវានេះក្នុងគោលបំណង ដើម្បីរំលឹកឡើងវិញនូវការតស៊ូរបស់វីរៈភាពស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម ដែលជាលទ្ធភាពធ្វើឲ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និងការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាពលើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ។

ឯកឧត្តម បានបន្ថែមទៀតថា ពិធីក៏បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកំពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បីឲ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។

ក្នុងឱកាសនោះឯកឧត្តមបានឧបត្ថម្ភនារី ចំនួន ០៩នាក់ ក្នុងនោះមានសារ៉ុង១, ក្រម៉ា១ និងថវិកា ៣០.០០០រៀល រីឯបុរស ២៨នាក់ ទទួលបានក្រម៉ា១, ថវិកា២០.០០០រៀល អ្នកឈឺធ្ងន់ ២នាក់២០០.០០០រៀល ផ្តល់ធុងតម្កល់ទឹកសាលាមត្តេយ្យជ្រោយបបុស្ស ចំនួន ១ តម្លៃ ១៥០.០០០ រៀល ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង