ស.ស.យ.ក ខេត្តមណ្ឌលគិរី ចូលរួមពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសែនមនោរម្យ

(មណ្ឌលគិរី)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ចូលរួមពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសែនមនោរម្យ ក្រោមអធិបតីភាពលោកស្រី វិន ស៊ីធួន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

នៅក្នុងពិធីសម្ពោធមហាកុដិ នៅក្នុងវត្តសែនមនោរម្យ ដែលមានទំហំ ១៣.៥ម៉ែត្រ គុណ ១៧.៥ម៉ែត្រ កំពស់ ២ជាន់ ប្រក់ក្បឿងស្រកាលិញ ដំបូលបំពាក់ដោយរចនាបទខ្មែរ ដែលចំណាយថវិកាចំនួន ១៣១.៩០០ដុល្លា (១៣ម៉ឺន១ពាន់ប្រាំបួនរយដុល្លា) ហើយថវិកាទាំងនេះ គឺបានមកពីការចូលរួមពីថ្នាក់ដឹកនាំខេត្ត សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ តាមរយៈពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន បុណ្យចូលឆ្នាំ និងពិធីបុណ្យផ្សេងៗទៀត ហើយការកសាងមហាកុដិ ចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសែនមនោរម្យនាពេលនេះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានប្រគេនបច្ច័យចំនួន ២លានរៀល ជូនដល់ព្រះចៅអធិការវត្ត ដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យ និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់ ក៏បានរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ៕​ សម្រួល៖​ សុភាព