កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបខាងមុខនេះ នឹងពិភាក្សាប្រធានបទសំខាន់ៗ ដោយឈរលើសសរស្តម្ភទាំង៣គឺ នយោបាយ សេដ្ឋកិច្ច និង វប្បធម៌

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ —

លោកជំទាវ ជ្រឹង បុទុម រង្សី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានសម្របសម្រួលរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប បានមានប្រសាសន៍ថា នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ដើម្បីឱ្យថ្នាក់ដឹកនាំកំពូលៗមកពីប្រទេសអាស៊ី និងអឺរ៉ុប ចូលរួមពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ ដោយឈរលើសសរស្តម្ភទាំង៣គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

លោកជំទាវបានបន្ថែមថា ជារៀងរាល់ពីរឆ្នាំម្តង តែងតែមានការរៀបចំកិច្ចប្រជុំកំពូលនេះ ហើយចុងក្រោយបំផុតគឺនៅឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក គឺនៅទីនោះហើយដែលកម្ពុជាយើង មានកិតិ្តយសបំផុតដោយទទួលបានការឯកភាពពីបណ្តាប្រទេសចំនួន៥១ ឱ្យទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី១៣ នៅក្នុងឆ្នាំ២០២០នេះ។

ដោយឡែកចំពោះការប្រារព្ធទិវា ASEM Day វិញ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ គឺជាទិវាមួយដែលប្រារព្ធធ្វើដើម្បីចូលរួមអបអរ ក៏ដូចជាចូលរួមផ្សព្វផ្សាយឱ្យមហាជនបានឈ្វេងយល់ពីអ្វីដែលជាកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប។ លោកជំទាវបានបន្តថា៖ “ឆ្នាំ២០២០នេះ យើងគឺពិតជាមានកិត្តិយសណាស់ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហើយការប្រារព្ធទិវា ASEM Day នេះ ក៏ជាឱកាសទាក់ទាញសិស្សានុសិស្ស ក៏ដូចជាយុវជន និងមហាជន ដោយមានការរៀបចំជាព្រឹត្តិការណ៍កីឡា ការសម្តែងសិល្បៈ ការប្រគំតន្រ្តីសម័យ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្ស យុវជន និងមហាជន ដែលបានចូលរួម បានសប្បាយផង បានសិក្សាឈ្វេងយល់ និងទទួលបានចំណេះដឹងផងដែរ។”

ឯកឧត្តម សំ ហេងបូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកទំនាក់ទំនងវេទិការធុរកិច្ច និងសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម ទទួលខុសត្រូវរៀបចំព្រឹត្តិការណ៍អមមួយ គឺវេទិការធុរកិច្ច និងសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប ដែលជាឱកាសមួយដែលក្រសួងរបស់ឯកឧត្តម បានចូលរួមសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជាការរៀបចំឱ្យមានការយល់ដឹងបន្ថែមទាក់ទងនឹងវេទិកាក្រៅកិច្ចប្រជុំផង និងសម្រាប់កិច្ចប្រជុំកំពូលផង។ ហើយក្រសួងពាណិជ្ជកម្មនឹងមានស្តង់ផ្ទាល់ខ្លួនមួយផងដែរ សម្រាប់ទិវា ASEM Day ខាងមុខនេះ។

ក្នុងនាមជាសមាជិកម្នាក់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម សំ ហេងបូរ៉ា បានបន្តថា៖ “ខ្ញុំនឹងជម្រុញយុវជនឱ្យចូលរួមព្រឹត្តិការណ៍ ASEM Day នេះ ដើម្បីបង្កើនការយល់ដឹងបន្ថែមពាក់ព័ន្ធនឹង ASEM ផង និងដើម្បីចូលរួមសប្បាយរួមគ្នាផង។ ហើយខ្ញុំសង្ឃឹមថា យុវជននឹងបានចូលរួមកម្មវិធី ASEM Day យ៉ាងច្រើនកុះករ។”

សូមបញ្ជាក់ថា ASEM DAY គឺជាព្រឹត្តិការណ៍មួយដែលធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីកិច្ចប្រជុំកំពូល ASEM និងដើម្បីបង្កើន ព្រមទាំងជំរុញការយល់ដឹងអំពីកិច្ចប្រជុំកំពូល ASEM ដល់និស្សិត និងពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។

ដោយ ផែន រតនៈ