កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ដៀប ពិរី សមាជិកក្រុមប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត និងទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំង៣ ព្រមទាំងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំ និងលើកពីរបៀបវារៈពិនិត្យដូចជា ទី១/-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ទី២/-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ប្រចប្រចាំខែកុម្ភៈ និងទិសដៅបន្ទាប់របស់រដ្ឋបាលខេត្ត ៣/- បញ្ហាផ្សេងៗ។

បន្ទាប់មកក៏មានការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃអង្គប្រជុំយ៉ាងផុសផុល នៅក្នុងរបៀបវារះ ដែលអង្គប្រជុំបានលើកឡើងនិងបញ្ហាប្រឈម នានា ដើម្បីធ្វើការដោះស្រាយ ។

ក្នុងនោះឯកឧត្តម សុខ លូ អភិបាលខេត្ត បានណែនាំដល់មន្ទីរ និងជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន បន្ដពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈឲ្យបានល្អ និងចូលរួមផ្សព្វផ្សាយនូវរោគសញ្ញានៃជម្ងឺ កូវីដ 19 (Covid19)ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ដឹង ។

ស្ថិតក្នុងឪកាសនោះដែរ ឯកឧត្តម ដៀប ពិរី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា ចូលរួមធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យមានការចូលរួមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕