នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាត ចំនួន១៤ អណ្តូង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា

 

(រតនគិរី)៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍១២ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី៥ ខែ មីនា ឆ្នាំ២០២០ នេះ លោក ឌឹម ណាត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី រួមជាមួយក្រុមការងារ បានចុះពិនិត្យ ការសាងសង់អណ្តូងទឹកស្អាត ចំនួន១៤ អណ្តូង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ទាំង៦ឃុំ ក្មុងស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២០ អណ្តូងដែលត្រូវសាងសង់ហើយ ១០០% មាន៤ និងខួងហើយ និងកំពុងចាក់សាប ដំឡើងស្នប់ បាន៦ អណ្តូង។

ជាមួយគ្នានេះដែរ លោកនាយកសាខា បានជម្រុញបន្ថែមដល់អ្នកប្រើប្រាស់អណ្តូង ពីការធ្វើរបងជុំវិញអណ្តូង ការប្រើសប្រាស់រួមគ្នាជាលក្ខណៈសហគមន៍ និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាត​ទាំងនេះឱ្យបានគង់វង្សយូរអង្វែងតទៅ​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី