ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០

(កំពង់ធំ)៖ ព្រឹកថ្ងៃពុធ១១កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងអភិបាលក្រុង/ស្រុក។

នៅក្នុងឱកាសនោះ លោកជំទាវ លំគន្ធារីអភិបាលរងខេត្តកំពង់ធំ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “ ជូនដល់អង្គពិធី។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ មានគោលបំណង រំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិ សិរីភាព និងតួនាទី ស្មើគ្នា រវាងបុរស និងស្ត្រីនៅក្នុងសង្គម។ សំខាន់ជាងនេះទៀត ទិវានេះផ្តល់ឱកាសឲ្យយើងទាំងអស់គ្នានាសម័យបច្ចុប្បន្ន អាចឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ។ នៅក្នុងឱកាសនោះដែរឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ខ្ញុំសូមគាំទ្រលើប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” បានរំលេចពីតម្លៃសុខសន្តិភាព និងអរគុណសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសន្តិភាពឲ្យនៅគង់វង្សយូរអង្វែងឆ្ពោះទៅមុខទៀត។ លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងជាប់ព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

មុននឹងបញ្ចប់ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់មន្ទីរកិច្ចការនារីដែលបានរៀបចំកម្មវិធីនេះ និងបានកោតសរសើរដល់សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកគាំទ្រកិច្ចការមនុស្សធម៌ ការលើកកម្ពស់សមត្ថភាព ជីវភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រី និងការទប់ស្កាត់អំពើហឹង្សា និងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានជូននូវផ្កាទុកជាអនុស្សាវរីយ៍ ជូនដល់បងប្អូនជានារី ដែលបានចូលរួម ខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០នេះក្នុងក្តីសប្បាយរីករាយ៕