ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ជាព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាម

(កំពង់ចាម)៖ លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានប្រកាសចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ជំនួស លោក ហួត វុទ្ធី ត្រូវបានផ្លាស់ទៅកាន់មុខតំណែងថ្មី ជាអគ្គព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ ។ ពិធីប្រកាស តែងតាំងចូលកាន់មុខតំណែងជា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាម បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ឯកឧត្ដម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាម ។

ឯកឧត្តម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាម បានថ្លែងថា ជួសមុខឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានសំដែងការកោតសរសើរ ចំពោះ លោក ហួត វុទ្ធី ដែលទើបតែដូរទៅកាន់តំណែងថ្មី ដែលកន្លងមក បានខិតខំបំពេញការងារយ៉ាងល្អ នៅក្នុងមុខតំណែងជាព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ដោយបានចូលរួមសហការយ៉ាងល្អ ជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរ ពាក់ព័ន្ធ អនុវត្តកិច្ចការរបស់ខ្លួន ប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្ដល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម ។ ទោះយ៉ាងណា អង្គភាពអាយ្យការអម សាលាដំបូងខេត្ត ក៏នៅសេសសល់សំណុំរឿងមួយចំនួន ដែលតម្រូវឲ្យលោកព្រះរាជអាជ្ញាថ្មី ធ្វើកិច្ចការនេះ បន្តទៀត ផងដែរ ។ 

ថ្លែងនាឱកាសនោះ ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ តែងតែឆ្លើយតបជាបន្តបន្ទាប់ នូវតម្រូវការរបស់សាលាដំបូងខេត្ត និងអយ្យការសាលាដំបូង ក្នុងការដោះស្រាយបញ្ហានានា ដើម្បីធានា ដល់ការបម្រើសេវាយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ ។ ឯកឧត្ដម លើកឡើងថា អំណាចតុលាការ ជាអំណាចមួយមានលក្ខណៈស្មុគ្រស្មាញបំផុត ដែលត្រូវការទាំងពេលវេលា ទាំងមធ្យោបាយ និងធនធានមនុស្ស ដើម្បី រៀបចំការកែទម្រង់ជាបន្តបន្ទាប់ ឈានទៅរកការកសាងទំនុកចិត្ត ពីសាធារណៈជន ។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រសួងយុត្តិធម៌ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានធ្វើទំនើបកម្មក្របខណ្ឌច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងស្ថាប័នតុលការ ស្របតាមការរីកចំរើន នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា តាមរយៈ ការដាក់ចេញឲ្យអនុវត្តច្បាប់គោលទាំង ៣ ពាក់ព័ន្ធនឹងវិស័យតុលការ ការរៀបចំ និងដាក់ឲ្យដំណើរការ ជាបន្តបន្ទាប់ នូវអង្គភាពរដ្ឋបាលតុលាការ នៅគ្រប់សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ឲ្យយដើរទន្ទឹមនឹងការបន្តពង្រឹងធនធានមនុស្ស នៅក្នុងស្ថាប័នតុលាការ ឲ្យមានប្រសិទ្ធភាព និងមនសិការវិជ្ជាជីវៈ ក្នុងការផ្ដល់យុត្តិធម៌ ផងដែរ ។ ដូច្នេះ ពេលនេះ គ្រាន់តែរំលឹក និងពញាក់ស្មារតី ដល់អង្គចៅក្រមទាំងអស់ ត្រូវរក្សាឲ្យបាននូវតម្លៃកិត្តិយស តាមរយៈ ការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ជៀសឲ្យផុតនូវអគតិ ទាំង ៤ គឺ ៖ ១.ឆន្ទាគតិ ២.ទោសាគតិ ៣.ភយាគតិ និង៤.មោហាគតិ ។ លើសពីនេះទៅទៀតនោះ ក៏សូមក្រើនរំលឹក ទៅដល់មន្ត្រីរាជការ ក៏ដូចជា អង្គចៅក្រម ដែលកំពុងបំរើការងារ នៅសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ សូមយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។ លេខាធិការដ្ឋានរដ្ឋបាលសាលាតំបូង ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បី ពន្លឿនកិច្ចការទាំងឡាយ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ត្រូវខិតខំសិក្សាស្រាវជ្រាវ នូវសំណុំរឿងក្ដីចាស់ៗ ដែលជំនុំជម្រះរួចហើយ ដែលមិនទាន់មានសាលក្រម ឬសាលដីកាផ្ដល់ឲ្យភាគី ។

ដោយឡែក សំណុំរឿងក្ដីណា ដែលជំនុំជម្រះរួចហើយ ត្រូវផ្ដល់សាលក្រម ឬសាលដីកាទៅភាគី ឲ្យបានទាន់ពេលវេលា ៕ សារ៉ាត