កាកបាទក្រហមខេត្តព្រៃវែង ចុះចែកអំណោយជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ១គ្រួសារ និងជួបឧបទវហេតុ៤គ្រួសារ 

(ព្រៃវែង)៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងរំលែកទុក្ខ ព្រមនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន ១គ្រួសារ ដែលមានសមាជិកស្លាប់ ១នាក់ និងរបួសធ្ងន់ ៣នាក់ នៅស្រុកកំពង់ត្របែក និងគ្រោះថ្នាក់ឧប្បទវហេតុបាក់ដើមត្នោតសង្កត់លើ ចំនួន ៤នាក់ ក្នុងនោះស្លាប់ ១នាក់ និងរបួសធ្ងន់ ៣នាក់ នៅស្រុកព្រះស្តេច ។

នាឱកាសនោះ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារភ្លើងឆេះផ្ទះ ដែលបាត់បង់នៅទ្រព្យសម្បត្តិ បង្កអោយមានរបួស និងបាត់បងជិវិតថែមទៀតនោះ ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា មានការប្រុងប្រយ័ត្នខ្ពស់នូវបញ្ហាអគ្គីភ័យ ដោយសារនៅរដូវនេះជារដូវប្រាំង អគ្គីភ័យងាយនឹងកើតឡើងដោយការធ្វេប្រហែសតែមួយប្រព្រេចភ្នែក ជាក់ស្ដែងដូចជាករណីនេះជាដើម ។

សម្ភារៈ ដែលត្រូវផ្តល់ជូនក្រុមគ្រួសាររងគ្រោះរួមមាន៖ ចំពោះគ្រួសារភ្លើងឆេះផ្ទះ ១គ្រួសារ(ស្លាប់ ១នាក់ និងរបួសធ្ងន់ ៣នាក់) នៅស្រុកកំពង់ត្របែក ដោយអ្នកស្លាប់ទទួលបានៈ អង្គរ ៥០គ.ក តង់ ១ កន្ទេល ១ ឃីត ១ កញ្ចប់ មី ៥កេស ត្រី ខ ៥យួរ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស និងថវិកា ៤០០,០០០ រៀល, អ្នករបួសធ្ងន់ទទួលបានថវិកាចំនួន ២០០,០០០រៀល និងរងគ្រោះដោយសារភ្លើងឆេះផ្ទះ ១ខ្នង ទទួលបានថវិកា ២០០,០០០រៀល ។

ចំពោះគ្រោះថ្នាក់ឧប្បទវហេតុបាក់ដើមត្នោតសង្កត់លើ(ស្លាប់ ១នាក់ និងរបួសធ្ងន់ ៣នាក់) នៅស្រុកព្រះស្តេច ដោយអ្នកស្លាប់ទទួលបានៈ អង្គរ ៥០គ.ក មី ៥កេស ត្រី ខ ៥យួរ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស និងថវិកា ៤០០,០០០ រៀល និងអ្នករបួសធ្ងន់ទទួលបានថវិកាចំនួន ២០០,០០០រៀល។

ដោយឡែកគ្រួសារងគ្រោះដោយសារភ្លើងឆេះផ្ទះនៅស្រុកកំពង់ត្របែក លោកជំទាវ សំរិទ្ធ សក្ខីភាព បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ២០០ដុល្លា និងការិយាល័យអប់រំស្រុកកំពង់ត្របែកថវិកាចំនួន ៣០០,០០០រៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង