នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អំពាវនាវនាយដល់ទាហានតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ រួមគ្នាថែរក្សាសុខសន្តិភាព

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់នាយទាហានតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ រួមគ្នាថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។។

លោកនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន និងមានកិច្ចសហការគ្នាល្អ រវាងថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី ក្នុងភូមិសាស្ត្រតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤។

ការអំពាវនាវបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យស្ថានការណ៍សន្តិសុខ និងជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រតំបន់ព្រំដែន នៅទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤ នៅទីបញ្ជាការជួរមុខ របស់បញ្ជាការដ្ឋានអង្គរក្ស ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ដំណើរចុះពិនិត្យខាងលើ មានការអមដំណើរដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក, លោក ស៊ួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ យ៉ាងច្រើនផងដែរ។

ជំនួសមុខឲ្យសម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាពិសេស សម្ដេចតេជោនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន និងមានកិច្ចសហការគ្នាល្អ រវាងថ្នាក់ដឹកនាំគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី ក្នុងភូមិសាស្ត្រតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤ ដែលក្នុងរយៈកាលកន្លងមកនេះ បានពុះពារគ្រប់ការលំបាកក្នុងការកសាងនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពខ្លួនផ្ទាល់ផង និងសម្រាប់ប្រយោជន៍ជាតិផង រហូតមានការរីកចម្រើន ពិសេសបានយកចិត្តទុកដាក់ពង្រឹងបានយ៉ាងរឹងមាំនូវសន្តិសុខ តាមបន្ទាត់ព្រំដែន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីការកសាងបន្ទាត់ព្រំដែនមួយ មានទាំងសន្តិសុខ សន្តិភាព និងមានទាំងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ដែលប្រែក្លាយពីតំបន់ដែលធ្លាប់តែឮស្នូរគ្រាប់កាំភ្លើង មកជាតំបន់ឮសូរតែស្នូរសូត្រធ៌ម និងភ្លេងនៃបទចម្រៀងសប្បាយខ្ញាវខ្ញា ពីតំបន់ដែលមិនមែនការអភិវឌ្ឍ មកជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ